អ្នកឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោកកើនដល់ជាង ១៣លាននាក់ ខណៈអ្នកស្លាប់កើនជិត ៦០ម៉ឺននាក់

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាសុខភាព ខណៈគិតរហូតមកដល់ថ្ងៃនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅលើពិភពលោក កើនឡើងដល់ ១៣.១៥០.៦៤៥នាក់ និងអ្នកស្លាប់កើនឡើងដល់ ៥៧៤.៤៦៤នាក់ ជាពិសេសមិនទាន់មាន ថ្នាំព្យាបាលនៅឡើយទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុង ប្រទេសកម្ពុជាយើងវិញ មកទល់ថ្ងៃនេះមានអ្នកឆ្លងរោគសរុប ១៦៦នាក់ អ្នកដែលបានព្យាបាល ជាសះស្បើយមាន ១៣៣នាក់ ប្រទេសយើងគ្មានអ្នកស្លាប់ ដោយសារកូវីដ១៩ទេ ។

សម្ដេចតេជោបន្តថា វិធីដែលចាំបាច់នឹងមាន ប្រសិទ្ធភាពបំផុតចៀសវាង ការឆ្លងរោគកូវីដ១៩ ដែលយើងមើលមិនឃើញ ដោយភ្នែកទទេរនេះ គឺត្រូវឧស្សាហ៍ដុសលាង សម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល។ ត្រូវពាក់ម៉ាសការពារអោយបានល្អ ហើយកុំធ្វេសប្រហែសដោយគិតថា កំណើនឆ្លងរោគនៅប្រទេសយើងទាប ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បន្ថែមថា ទីកន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាត ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ គ្លិនិកតូចធំ គ្លិនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺដើម្បីទប់ស្កាត់ ការរីករាលដាលចម្លង រោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល ។

សម្ដេច ក៏បានជូនពរដល់បងប្អូនជនរួមជាតិ ឲ្យចៀសផុតពីជំងឺឆ្លង រលាកផ្លូវដង្ហើមកូវីដ១៩ ទាំងអស់គ្នា ៕