ខ្លាំងមែន! គណនី Twitter របស់ក្រុមហ៊ុន Apple ត្រូវបានជនអនាមិកជ្រៀតចូល

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះគណនី Twitter របស់ក្រុមហ៊ុនធំៗ ព្រមទាំងអ្នកល្បីៗមួយចំនួនដូចជា Apple, Uber, Bill Gates, Jeff Bezos, Elon Musk និង Barack Obama ត្រូវបានជនអនាមិកជ្រៀតចូល។

ការវាយប្រហារនេះ អាចចាត់ទុកជាការ វាយប្រហារខ្នាតធំមួយ ដែលមានផែនការច្បាស់លាស់ ព្រោះគណនីដែលរងការប៉ះពាល់ បានបង្ហាញសារស្រដៀងៗគ្នា ទាក់ទងនឹងការផ្ញើលុយ Bitcoin ឱ្យពួកគេ 1000 ដុល្លារហើយគេនឹងផ្ញើឱ្យវិញមួយជា ២ដង ឬ 2000 ដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុន Twitter បានខិតខំប្រឹងប្រែងទាញយក គណនីទាំងនោះពីក្រុមអ្នកវាយប្រហារវិញ ហើយក្រុមហ៊ុនក៏កំពុង ធ្វើការស្រាវជ្រាវដើម្បី កែសម្រួលបញ្ហានេះផងដែរ។

ទោះជានៅប្រទេសកម្ពុជា យើងមិនសូវជាមានអ្នកប្រើប្រាស់ Twitter ច្រើនក៏ដោយនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់ មានការប្រុងប្រយ័ត្នចំពោះការឆបោកនេះ ព្រោះជនខិលខូចអាចប្តូរ យុទ្ធសាស្ត្រពីការប្រើប្រាស់កម្មវិធី Twitter ទៅប្រើកម្មវិធី Facebook ដែលកំពុងមានការពេញ និយមនៅប្រទេសយើងនោះ។ សូមបងប្អូនមានការពិភាក្សា ឬតេបញ្ជាក់អត្តសញ្ញាណ មុននឹងធ្វើការឆ្លើយតប ទាក់ទងនឹងការសុំឱ្យផ្ញើលុយតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមណាមួយនោះ ៕