ភ្នំពេញ៖ ក្រោយមានការណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី រួចមក លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកក្កដា បានចេញសេចក្តីណែនាំមួយ ស្ដីអំពីការប្រើប្រាស់ ឲ្យអស់លទ្ធភាពនូវស្បៃមុង ដែលរឹបអូសបានពី បទល្មើសនេសាទកន្លងមក។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងកសិកម្ម បានឱ្យដឹងថា រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ឲ្យអនុវត្តន៍នូវវិធានការ៖
១៖ ពិនិត្យមើលឲ្យបានច្បាស់ នូវគុណភាពស្បៃមុង ជាវត្ថុតាងរឹងអូស បានពីបទល្មើសនេសាទ ហើយជ្រើសរើសស្បៃមុង មានគុណភាព សម្រាប់រក្សាទុកយកទៅប្រើប្រាស់ ក្នុងការដាំដុះដំណាំ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម តាមលទ្ធភាពជាក់ស្ដែង និងបច្ចេកទេស ស្របតាមច្បាប់ស្ដីពី ជលផល ដើម្បីចូលរួមសន្សំសំចៃ ឲ្យអស់លទ្ធភាព នូវធនធានមុននឹងសម្រេចចិត្ត យកទៅដុតកម្ទេចចោល។
២៖ ចំពោះស្បៃមុងចាស់ៗ គ្មានគុណភាពក្នុងការប្រើប្រាស់បន្ដ ត្រូវដុតកម្ទេចចោល ស្របតាមនីតិវិធី និងវិធានបច្ចេកទេស ដោយគិតគូរពីផលប៉ះពាល់ បរិស្ថាន និងសុខភាពសាធារណៈ៕