ការភ័យខ្លាចនៃជំងឺកូវីត-១៩ ក្លាយជាឱកាសសម្រាប់ ជនខិលខូចបោកបញ្ឆោត អ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញ

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានលើកឡើងថា ប្រហែលជាជាងកន្លះឆ្នាំហើយ ដែលការផ្ទុះឡើងនៃជំងឺកូវីត-១៩ បានរីករាលដាលយ៉ាងខ្លាំង ស្ទើរតែពាសពេញពិភពលោក រីឯជនខិលខូចខ្លះក៏នៅតែ ឆ្លៀតឱកាសដើម្បីទាញ យកផលប្រយោជន៍ពីភាពវឹកវរ នៃជំងឺរាតត្បាតមួយនេះ។

យោងតាមការផ្សព្វផ្សាយ របស់ក្រុមហ៊ុនសន្តិសុខ លើប្រព័ន្ធអ៊ិនធឺណិត Bitdefender បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការបោកបញ្ឆោត ដោយការផ្ញើអ៊ីម៉ែល បានកើនឡើងកាន់តែខ្លាំង ដើម្បីលួចព័ត៌មានផ្ទាល់ខ្លួន និងលេខសម្ងាត់ធនាគារ របស់អ្នកប្រើប្រាស់ ឬដើម្បីបញ្ចូលមេរោគ។

ភាគច្រើននៃការផ្ញើអ៊ីម៉ែលឆបោកទាំងនោះ ត្រូវបានបន្លំធ្វើជាផ្ញើចេញពី ប្រភពដែលអាចទុកចិត្តបានដូចជា អង្គការ រដ្ឋាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលសុខភាពសាធារណៈ ឬធនាគារជាដើម តាមរយៈអ៊ីម៉ែល ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿទុកចិត្ត។ ជាឧទាហរណ៍ ជនខិលខូចបានធ្វើការបោកបញ្ឆោតបន្លំ ជាអង្គការសុខភាពពិភពលោក (WHO) ផ្សព្វផ្សាយព័ត៌មានថ្មីៗ ឬជាធនាគារ HSBC ជូនដំណឹងអំពីការដាក់បញ្ចូលប្រាក់ ដើម្បីឱ្យអ្នកប្រើប្រាស់ទាញយក ឯកសារដែលមានបង្កប់ ជាមួយមេរោគ។

ទោះជានៅប្រទេសកម្ពុជាយើង មិនសូវជាមានអ្នកប្រើប្រាស់អ៊ីម៉ែល ដែលមានតែនៅតាម ក្រុមហ៊ុនធំៗមួយចំនួននោះក្តី នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា សូមឱ្យអ្នកប្រើប្រាស់ទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះការឆបោកទាំងនេះ ព្រោះជនខិលខូចអាចប្តូរ យុទ្ធសាស្ត្រពីការផ្ញើអ៊ីម៉ែល ទៅជាការផ្ញើសារតាមរយៈ បណ្តាញទំនាក់ទំនងសង្គម ដែលកំពុងមានការពេញនិយម នៅប្រទេសយើងនោះ។

កន្លងមកនាយកដ្ឋាន ក៏បានណែនាំអ្នកប្រើប្រាស់ សូមកុំទាញយកឯកសារ ពីប្រភពដែលមិនស្គាល់ច្បាស់ ចៀសវាងការឆ្លងមេរោគ ក៏ដូចជាបាត់បង់ទិន្នន័យផ្ទាល់ខ្លួន ហើយក៏បានផ្សព្វផ្សាយ ពីល្បិចកលរបស់ជនខិលខូច ដែលអាចប្រើប្រាស់ដើម្បី បោកបញ្ឆោតប្រជាពលរដ្ឋ ក្នុងសម័យកូវីតកាលពីខែមីនា ហើយផងដែរ ៕