ភ្នំពេញ៖ ក្រោយពីលោក រ័ត្ន សុធី នៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា យកជំនួយពីសហគមន៍អឺរ៉ុប មកឧបត្ថម្ភដល់ ពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា លុយ ២៥លនដុល្លារ ឧបត្ថម្ភពលរដ្ឋក្រីក្ររៀងរាល់ខែ មិនមែនយកពីអឺរ៉ុបឡើយ ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
ក្នុងឱកាសចុះពិនិត្យ សកម្មភាពបង្កាត់ពូជត្រី ចិញ្ចឹមត្រីនិងកង្កែបជាក់ស្តែង នៅបមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅខេត្តព្រៃវែង នាថ្ងៃទី១៤ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំប្រាប់ទៅ សុធី ឯងថា សំណាងហើយ ខ្ញុំមិនបានបញ្ជាឲ្យចាប់ បើថ្ងៃហ្នឹង ខ្ញុំបញ្ជាឲ្យចាប់ពេលនេះ លោកនៅក្នុងគុកហើយ លោកបានព័ត៌មានពីណាថា ខ្ញុំយកលុយរបស់សហគមន៍អឺរ៉ុប ទៅបើកឲ្យប្រជាពលរដ្ឋ ក្នុងមួយខែ ២៥លានដុល្លារ» ។
សម្ដេច ក៏បានផ្ដាំផ្ញើទៅលោក រ័ត្ន សុធីថា រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់ថវិកាបរទេស សូម្បីមួយសេន ដើម្បីដោះស្រាយ កិច្ចការសង្គម នៅឡើយទេ។
សម្ដេចបន្ថែមថា គិតត្រឹមថ្ងៃទី១៣ កក្កដា ប្រជាពលរដ្ឋក្រីក្រ ប្រមាណ ៥២ម៉ឺននាក់ បានទទួលការឧបត្ថម្ភ សាច់ប្រាក់ពីរាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ប្រមាណ ៩២ពាន់លានរៀល (ប្រហែល ២៣លានដុល្លារ) ដើម្បីជួយសម្រួលទុក្ខលំបាក របស់ប្រជាពលរដ្ឋបណ្ដោះអាសន្ន ក្នុងដដំណាក់កាលកូវីដ១៩នេះ ។