នាយក​រដ្ឋមន្ត្រី ​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន ​ក្រោយរកឃើញអ្នកឆ្លង កូវីដ១៩ចំនួន១៥នាក់ បន្ថែមទៀត

0

ភ្នំពេញ​៖បន្ថែម​ពីលើ​ការ​សាក​សួរ​សុខទុក្ខ​ សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​សំខាន់នៅពេលនេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព អោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះ។ 

សម្ដេច​តេជោ ​ហ៊ុន ​សែន ​បាន​សរសេរ​លើ​គេហទំព័រ​ហ្វេសប៊ុក​ថា ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌី  ១៥ នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើងគឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេច​តេជោ ​ហ៊ុន ​សែន បន្តថា​សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ 

ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្តិអោយបើកដំណើរការ ជាពិសេសមន្ទីពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខពាក់ការពារចៀសវាងការឆ្លងរោគពីម្នាក់ទៅម្នាក់ ។ សូមបងប្អូនប្រជាពលរដ្ឋបន្តធ្វើតាមការណែនាំរបស់ក្រសួងសខាភិបាលអោយបានខ្ជាប់ខ្ជួន។

ក្នុងនោះ​សម្ដេច​តេជោ​ក៏ សូមជូនពរបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាព នឹងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕