ភ្នំពេញ៖ ដើម្បីសម្រួល និងកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ក្រសួងសាធារណៈការនិងដឹកជញ្ជួន បានឯកភាពគ្នាជាមួយ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយបានសម្រេច នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធពន្ធប្រថាប់ត្រារួមគ្នា នៅកន្លែងផ្តល់សេវាតែមួយ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមក្រសួងសាធារណៈការនិងដឹកជញ្ជួន។
ការឯកភាពគ្នានេះធ្វើឡើងនៅ ក្នុងជំនួបពិភាក្សាការងារ រវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដានៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ។
ជំនួបប្រជុំពិភាក្សានេះ ក្នុងគោលបំណងដើម្បីពិនិត្យ ទៅលើលំហូរនីតិវិធី ក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិ យានជំនិះ និងបង់ពន្ធប្រថាប់ត្រា ផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ជាមួយ ប្រព័ន្ធបច្ចេកវិទ្យា របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញ ក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។ នេះគឺជាការបោះជំហ៊ាន ជាវិជ្ជមានមួយ តាមរយៈគំនិតផ្តួចផ្តើម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់លោក ស៊ុន ចាន់ថុល ស្របតាមគោលនយោបាយ កំណែទម្រង់ ក្នុងការផ្តល់សេវាសាធារណៈ របស់រាជរដ្ឋាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស” ។
លោកស៊ុន ចាន់ថុលនិងលោកគង់ វិបុល មានសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេសផ្តល់សេវា តាមលំហូរចរន្ត ការងារដំណើរការ ផ្ទេរកម្មសិទ្ធិយានជំនិះ តាមប្រព័ន្ធបច្ចេកវិទ្យានេះ លំហូរចរន្តដំណើរការនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានេះ ដោយប្រើប្រព័ន្ធ បច្ចេកវិទញយានេះ នឹងដំណើរការទៅបានយ៉ាងរលូន និងចូលរួមចំណែកយ៉ាងសំខាន់ ទៅដល់ការពង្រឹងនូវការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងការគ្រប់គ្រងទិន្នន័យ សន្តិសុខជាតិ ព្រមទាំងជួយពង្រឹង នូវការប្រមូលចំណូល សារពើរពន្ធផងដែរ។ ទាំងនេះស្តែងឱ្យឃើញ ពីការគិតគូរដិតដល់ និងយល់ពីតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ និងជាគន្លឹះសំខាន់ ក្នុងការជួយសម្រួលនីតិវិធី ជូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
សូមជម្រាបជូនផងដែរថា៖ ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវបានអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យ ONLINE តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬអាចមកកាន់ទីតាំងផ្តល់សេវាផ្ទាល់ដើម្បីមន្ត្រីជំនាញធ្វើការបំពេញសំណុំបែបបទជូន រួចធ្វើការបងប្រាក់សេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នីតិវិធីរួមនៃការផ្ទេរកម្មសិទ្ធិយានជំនិះនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងសម្រេច ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕