ភ្នំពេញ៖ ដូចការគ្រោងទុក កម្ពុជានិងកូរ៉េ បានប្រកាសចាប់ផ្តើម ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ។
ការប្រកាសនេះធ្វើឡើង នៅក្នុងឱកាស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំ គណៈប្រតិភូកម្ពុជា ជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
មុននឹងឈានមកដល់ ការប្រកាសជាផ្លូវការ នាពេលនេះ ក្រុមការងារ នៃប្រទេសទាំងពីរ បានជួបប្រជុំ ជាច្រើនលើក ច្រើនសារ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន ៖
១) ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគី
២) ការរៀបចំគោលការណ៍រួមនៃការចរចា
៣) ការស្នើសុំគោលការណ៍ អនុញ្ញាតពីរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករ ជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ។
ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២ លានដុល្លាអាមេរិក មានការកើនឡើង ២៥៤% ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លាអាមេរិក។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំ ចុងក្រោយនេះ។
រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី នេះ ដែលបង្ហាញពីការគាំទ្រ យ៉ាងពេញទំហឹង នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើ គោលការណ៍ច្បាប់ និងជាពិសេស ដើម្បីជួយស្តារសេដ្ឋកិច្ច ឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពី វិបត្តិជំងឺកូវីដ-១៩។
នៅក្នុងនោះដែរ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងការវិវត្តរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈ រួមស្តីពីការបន្តគាំទ្រ អង្គការពាណិជ្ជកម្ម ពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។
ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តនេះ ស្របតាម “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា” និង “យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤” ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕