សម្ដេចតេជោ នឹងទៅប៉កាំងដោយផ្ទាល់ ដើម្បីបិទបញ្ចប់កិច្ចចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើដំណើរទៅរដ្ឋធានីក្រុងប៉េកាំង ដោយផ្ទាល់ដើម្បីធ្វើជាអធិបតី នៅក្នុងពិធីចុះហត្ថលេខា បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ។ នេះបើតាមបញ្ជាក់របស់លោក វង្សី វិស្សុត ។

ក្នុងសន្និសីទព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី៨ កក្កដានេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សម្ដេចតេជោ នឹងធ្វើដំណើរទៅរដ្ឋធានីប៉េកាំង មុនថ្ងៃទី១២ សីហា ដើម្បីធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា បញ្ជប់កិច្ចចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-ចិន ។

លោកបន្តថា ក្រៅពីអញ្ជើញជាអធិបតីភាព ក្នុងពីធីចុះហត្ថលេខាហើយនោះ សម្ដេចតេជោ ក៏នឹងចូលរួមកិច្ចពិភាក្សាផ្សេងៗទៀត ដើម្បីបង្កើនល្បឿន ក្នុងការជំរុញសេដ្ឋកិច្ច និងការពារជំងឺឆ្លងកូវីដ១៩ ៕