ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាបានចំណាយ ថវិកាជាតិចំនួន ១១៦៤លានដុល្លារ សម្រាប់ដាក់ឱ្យប្រើប្រាស់ ក្នុងការដោះស្រាយបញ្ហាជំងឺ ការប៉ះពាល់សង្គម និងការជួយខាងវិស័យឯកជនផ្សេងៗ ក្នុងដំណាក់កាលជួបវិបត្តិកូវីដ១៩ ។
ក្នុងសន្និសីទព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅថ្ងៃទី៨ កក្កដានេះ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ថវិកាចំនួន ៥៦៤លានដុល្លារ គឺជាចំណាយថវិកាតាមរយៈ យន្តការចំណាយជាថវិកាសុទ្ធ និងថវិកាចំនួន ៦០០លានដុល្លារទៀត គឺសម្រាប់សង្គ្រោះការធ្វើជំនួញ តាមរយៈការផ្តល់ជាឥនទាន ឬការធានាឥនទាន ទៅដល់វិស័យឯកជន ។
លោករដ្ឋលេខាធិការបន្ថែមថា សម្រាប់ជំនួយសង្គម រាជរដ្ឋាភិបាលបានត្រៀមថវិកា ៣០០លានដុល្លារ ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលកូវីដ១៩នេះ ។ លោកថា រាជរដ្ឋាភិបាល បានត្រៀមថវិកាទុករួចរាល់ហើយ ដើម្បីចំណាយទៅលើ គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលនឹងកើនចំនួន ២ម៉ឺនគ្រួសារបន្ថែមទៀត នៅខែសីហា ៕