ភ្នំពេញ៖ លោក សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រតិកម្មយ៉ាងខ្លាំងចំពោះ ជនបំពុលសង្គមមួយចំនួនដែល ដែលចូលចិត្តបញ្ចេញអារម្មណ៍របស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ជុំវិញក្លិបវិសាខាដោយធ្វើការ ទាញភ្ជាប់រូបលោកទៅនឹង ការបញ្ចេញអារម្មណ៍នោះ បែបវាយប្រហារខុសពី ការពិតមកលើរូបលោក ទាំងលោកមិនបានដឹង ឬពាក់ព័ន្ធទាល់តែសោះ។
លោក ស សុខា បានសរសេរលើគេហទំព័រហ្វេសប៊ុក ក្នុងខ្លឹមសារដើមទាំងស្រុងថា “សូមកុំភ្ជាប់ឈ្មោះខ្ញុំ!…………ថ្មីៗនេះដោយពិនិត្យឃើញថា មានបងប្អូនមួយចំនួនតូច ដែលចូលចិត្តបញ្ចេញអារម្មណ៍របស់ខ្លួន តាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) ជុំវិញក្លិបវិសាខា ដោយធ្វើការទាញភ្ជាប់រូបខ្ញុំ ទៅនឹងការបញ្ចេញអារម្មណ៍នោះ បែបវាយប្រហារខុសពីការពិតមកលើរូបខ្ញុំ ទាំងខ្ញុំមិនបានដឹង ឬពាក់ព័ន្ធទាល់តែសោះ បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំជាខ្លាំង។ ខ្ញុំសូមជម្រាបជូនពុកម៉ែ បងប្អូនសាធារណជនទាំងអស់ មេត្តាជ្រាបថា រូបខ្ញុំពុំដែលយកតួនាទីបុណ្យស័ក្តិរបស់ខ្លួន ទៅកាងនឹងរឿងអ្វីមួយឡើយ ជាពិសេសពាក់ព័ន្ធនឹងក្លិបវិសាខា បើទោះបីជារូបខ្ញុំជាស្ថាបនិកក្លិបនេះ ហើយបច្ចុប្បន្ន ភរិយារបស់ខ្ញុំ ជាប្រធានក្លិបក៏ដោយចុះ។ បង្កេីតក្លិបនេះ ពុំបានគិតពីផលប្រយោជន៍នោះទេ ដោយសារស្រឡាញ់ និងចង់ចូលរួមអភិវឌ្ឍវិស័យកីឡាតែប៉ុណ្ណោះ។ ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមមេត្តាកុំប្រញាប់ប្រញាល់ ក្នុងការបញ្ចេញអារម្មណ៍របស់ខ្លួន ដោយទាញភ្ជាប់រូបខ្ញុំ ទៅនឹងរឿងនេះរឿងនោះ ទាំងរូបខ្ញុំមិន បានដឹង ឬមិនពាក់ព័ន្ធសោះនោះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ជាពិសេសដែលអាចធ្វើឱ្យខ្លួនឯង ប្រឈមទៅនឹងបញ្ហាផ្លូវច្បាប់ ជាប់ទោសទណ្ឌផ្សេងៗទៀតផង។ សូមកុំគិតថា ធ្វើខុសហើយសុំទោសរួចខ្លួន ក៏ចេះតែធ្វើទៅនោះអី” ៕