រដ្ឋមន្ត្រីសាធារណការ ប្រគល់ឧបករណ៍ ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន ៤ពាន់ឈុត ដល់ក្រសួងសុខាភិបាល

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ-១៩ ចំនួន ៤០០០ ឈុត (Kits) ជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅប្រគល់ជូនក្រសួងសុខាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ នេះ ជាឧបករណ៍ផលិតឡើងតាមបច្ចេកវិជ្ជា របស់សាធារណរដ្ឋកូរ៉េ ប្រគល់ជូនក្រសួងសុខាភិបាល ជាប្រយោជន៍សាធារណៈ ដើម្បីចូលរួមបង្ការ និង ទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវីដ-១៩។

លើសពីនេះទៀត ការប្រគល់អំណោយជាសម្ភារនេះ គឺជាការបង្ហាញនូវកិច្ចសហប្រតិបត្តិការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយសាមគ្គីភាព និងគុណធម៌ដែលអាចឆ្លើយតប ទៅនឹងការរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក ៕