រដ្ឋមន្ត្រីបរិស្ថាន ព្រមានចាត់ការអាជ្ញាធរមូលដ្ឋាន ដែលបើកដៃឱ្យមានការកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់

0

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងព្រមានចាត់វិធានការក្ដៅ ចំពោះអាជ្ញាធរមូលដ្ឋានដែលបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ។

ក្នុងកិច្ចប្រជុំស្តីពី ការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តរតនគិរី នៅពថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីបានព្រមាន យ៉ាងដូច្នេះថា «អាជ្ញាធរមូលដ្ឋានដែលមានតួនាទី ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដី រំលោភទន្ទ្រានទាំងនោះ ឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវ ទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែង ឡើយ»។នេះបើយោងតាមក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តី បញ្ជាក់ថា «ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា»។

ក្នុងនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ កើតមានឡើងនៅក្នុងតំបន់ ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋាន ខ្លះដូចជាមេភូមិមេ-ឃុំ ជាដើមដែលនៅបន្តបំពានច្បាប់ ចុះហត្ថលេខា លើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខា បញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើន សារួចមកហើយ ពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។ ការណ៍នេះ ចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំង នឹងការរំលោភ បំពាននេះ។

លោក សាយ សំអាល់ បានមានប្រសាសន៍ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋ តែងតែត្រូវបានប្រឈមមុខច្បាប់ ហើយបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន ពិតជាសប្បាយរីករាយក្រៃលែង នៅពេលឃើញប្រជាពលរដ្ឋ មានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់»។

សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតាក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។ ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្ត បាននិងកំពុងពង្រឹងបន្ថែមតួនាទី របស់សហគមន៍ក្នុងការចូលរួម ការពារនិងអភិរក្សប្រកប ដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននេះ ខេត្តរតនគិរីមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៥៥៧នាក់ និងមានជនជាតិភាគតិចចំនួន ៦០%នៃចំនួនពលរដ្ឋសរុប ហើយមានជនជាតិភាគតិចចំនួន ៨៕