ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា បាននាំចេញអង្ករសរុបចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន ២៣ តោន ។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្រសួងក៏បានឱ្យដឹងទៀតថា រយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជា នាំចេញអង្ករសម្រេចបានចំនួន ៣៩៧,៦៦០តោន កើនឡើង១១៦,១២២ តោន ស្មើនឹង៤១.២៥ភាគរយបើ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ មានការកើនឡើង ២៨១,៥៣៨តោន។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។
សម្រាប់ប្រទេសដែលបានបញ្ជាទិញអង្ករ មាន ចំនួន៥៦ប្រទេស។ ក្នុងនោះសហភាពអឺរ៉ុបមាន ប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ និងនៅទ្វីបដ៏ទៃទៀតចំនួន ២៥ ប្រទេស ។ ទន្ទឹមនឹងនេះក៏មាន ក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៦៦ ក្រុមហ៊ុនបាន នាំចេញអង្ករច្រើនជាងគេផងដែរ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៦ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅ នាំចេញទាំងអស់៖ សហភាពអ៊ឺរ៉ុបកើនឡើងចំនួន ៤៥,១៩%, ប្រទេសចិនកើនចំនួន ២៥,២០%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៧,៦៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩,២៦% ៕