រដ្ឋមន្រ្តីបង្ហាញឱកាស វិនិយោគទេសចរណ៍នៅកម្ពុជា ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-US តែត្រូវរួមគ្នាទប់ស្កាត់កូវីដជាមុន

0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក ប៉ុន្តែកម្ពុជាក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ ។នេះបើយោងតាមក្រសួងទេសចរណ៍។

ថ្លែងក្នុងកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំលុងពេលកម្ពុជាជួបវិបត្តិ COVID-19 និងក្រោយពេលវិបត្តិនេះ ត្រូវបានបញ្ចប់។

លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុន របស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក ហើយតាមរយៈកិច្ចប្រជុំនេះ US-ABC ស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំង ការរាតត្បាតជំងឺ COVID-19 ។

លោកបន្តថា សម្រាប់កិច្ចប្រជុំនាពេល មានការចូលរួម ដោយបណ្តាថ្នាក់ដឹកនាំ ក្រុមហ៊ុនជាសមាជិក មកពីក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និងក្រុមហ៊ុន Air nb ជាដើម ក្នុងគោលបំណងបង្កើតគំនិត និងការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំង មេរោគ COVID-19 និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការ ស្តារវិស័យទេសចរណ៍ ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19 ត្រូវបានបញ្ចប់ និងស្នើបន្ត កិច្ចសហការជាមួយកម្ពុជា ក្នុងវិស័យធុរកិច្ចទេសចរណ៍ នៅឆ្នាំបន្តបន្ទាប់ទៀត។

ឆ្លើយតបនឹងសំណើនេះលោក ថោង ខុន បានស្នើឱ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញ ក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួន មកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលកំពុងមានសក្តានុពល និងទាក់ទាញ ភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងខ្លាំង៕