បុកពោះ! អ្នកនេសាទ៥នាក់ ត្រូវរលក បក់បោកផ្ទប់ទូក ជាប់នឹងថ្មទៅណាលែងរួច

0

ភ្នំពេញ៖ បុរសដែលជាអ្នកនេសាទ នៅតាមសមុទ្រ៥នាក់ ត្រូវបានរលកសមុទ្រ បោកបក់ទូកទៅផ្ទប់ជាប់នឹងថ្ម បណ្ដាលអោយគឿងនៅនឹងមួយកន្លែង ដែលស្ថិតនៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុ ទៅកោះរ៉ុង នៅថ្ងៃ២៩ មិថុនា២០២០ ។

ជុំវិញករណីនេះលោក ឧកញ៉ា ទៀ វិចិត្រ បានបញ្ចេញកម្លាំងអូប័រល្បឿនលឿន របស់លោក ចេញសង្គ្រោះ អ្នកទាំង៥នាក់ខាងលើនេះដោយប្រើពេលសង្គ្រោះជិត២ម៉ោង ទើបអាចជួយសង្គ្រោះបានសម្រេច។

តាមវីដេអូឃ្លីប ដែលបានបង្ហោះនៅលើបណ្ដាញហ្វេសប៊ុក លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន G.T.V.C Speed Boat បានមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះ ជួបការលំបាក និងប្រើពេលយូរ ក្នុងនោះជនរងគ្រោះ ទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាព នៅល្ងាចថ្ងៃដដែល ។

ក្រោយពីបញ្ចូនកម្លាំងចេញ ជួយសង្គ្រោះជនរងគ្រោះ រួចរាល់ហើយនោះ លោកឧកញ៉ា ទៀ វិចិត្រ ថែមទាំងបានឧបត្ថម្ភថវិកា ដល់ទូកនេសាទទាំង២គ្រឿង ក្នុងមួយទូកចំនួនមួយលានរៀល បន្ថែមទៀតផងដែរ ។

សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា) ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ ឃ្លងសមុទ្រក្បែរកោះថាស ចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿង ក៏ត្រូវរលកសមុទ្រ វាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះ ទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕