វិស័យទេសចរណ៍កម្ពុជា ចាប់ផ្ដើមមានសញ្ញាណវិជ្ជមានឡើងវិញ ទោះបីកំពុងរងឥទ្ធិពលយ៉ាងខ្លាំង ពីវិបត្តិកូវីដ-១៩

0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក ។នេះបើយោងតាមក្រសួងទេសចរណ៍។

ក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅទូទាំងប្រទេស នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ លោក ថោង ខុន បានមានប្រសាសន៍ថា ក្រសួងទេសទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញមូលដ្ឋាន អាជីវកម្មទេសចរណ៍ចំនួន ៣៣ទីតាំង ដែលបានអនុវត្តប្រតិបត្តិ តាមយ៉ាងត្រឹមត្រូវ ចំពោះបទដ្ឋានគតិយុត្ត ។

ក្នុងឱកាសនេះលោករដ្ឋមន្រ្តី បានបន្តថា បន្ថែមលើនេះ ក្នុងរយៈពេល ៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល ៣សប្តាហ៍ នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុក នៅតែបន្តកើនឡើង ជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។

លោកបន្ថែមថា ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥,៧៥០នាក់ ថយចុះ -៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

លោក ថោង ខុន បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់។

យ៉ាងណាមិញយើង សង្កេតឃើញថា គោលដៅរាជធានីភ្នំពេញ មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ដូចគោលដៅទេសចរណ៍ធំៗ ផ្សេងទៀតឡើយ ។ មានន័យថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្ន ដោយសារបញ្ហា វិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិក ក្នុងវិស័យទេសចរណ៍ សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូល សេវាកម្មកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ និងសេវាកម្មស្ប៉ានិងម៉ាស្សា ដែលត្រូវបានសម្រេចឱ្យ ផ្អាកដោយរាជរដ្ឋាភិបាល)។ ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំង ទៅដល់វិស័យសេដ្ឋកិច្ច និងសង្គម ជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាន នៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។

លោករដ្ឋមន្រ្តី បានសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុក នឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹង ដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មាន អំពីគោលបំណងបើកឱ្យ មានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មី កើតឡើងវិញ ។

សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ បានកំណតថាអ្នកដំណើរ ជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្រ បញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ ដោយរដ្ឋាភិបាលនៃ ប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ ជនបរទេសត្រូវមានឯកសារ ធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀត ដែលកំណត់ ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់ មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។

អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ មួយវិញទៀត ក្នុងករណីមានអ្នកដំណើរ ណាម្នាក់ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀត ទាំងអស់តម្រូវឱ្យធ្វើ ចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ ដោយគណៈកម្មការអន្តរក្រសួង ដើម្បប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេក្នុងករណីអ្នក ដំណើរទាំងអស់មានលទ្ធផល បញ្ជាក់ពីមន្ទីរពិសោធន៍ ថាកូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យ ធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យ ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក ៕