ភ្នំពេញ៖ បុរសវ័យ ៣៥ឆ្នាំម្នាក់ ត្រូវបានពិការជើងឆ្វេង ដោយសារផ្ទុះមីនតោន នៅត្រង់ចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ព្រឹក នៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីផ្ទុះមីនតោន។ ជនរងគ្រោះឈ្មោះ ជន ន័ល ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឧកញ្ញ៉ាមាន់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៊ីឈ្នួលភ្ជួរដីស្រែ នៅចំណុចកើតហេតុខាងលើ ហើយក៏បានភ្ជួរចំមីនតោន បណ្តាលអោយរងរបួសធ្ងន់ដាច់ជើងខាងឆ្វេងលើក្បាលជង្គង់ បញ្ជូនទៅមន្ទីរពេទ្យ។
ជាមួយគ្នានេះអាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់កុំចូលទៅតំបន់ណាដែលសង្ស័យ ថាមានមីន និងគ្រាប់មិនទាន់ផ្ទុះ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

