ភ្នំពេញ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសធានាថា នឹងមិនឲ្យមានករណី នាំចូលជ្រូកពីប្រទេសវៀតណាម តាមច្រកនានា ក្នុងភូមិសាស្ត្ររបស់ខ្លួនជាដាច់ខាត ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពនិងទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ មិថុនានេះ លោកអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងដូច្នេះថា «លឺចចាមរាមថា មាននាំជ្រូក ពីខាងប្រទេសជិតខាងមកតាម ច្រកមួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ ខ្ញុំនិយាយថា ធានាថា មិនមានទេ។ ពីព្រោះប្រហែលជាប្អូនលើកឡើង អម្បាញ់មិញត្រឹមត្រូវណាស់ ដោយសារប្រទេសជិតខាង យើងអាចមានបញ្ហា បេស្តជ្រូកអាហ្រ្វិក ចឹងយើងមិនមានទេមិនអាចមានទេ មិនមានការនាំចូលទេ» ។
លោកអភិបាលខេត្ត បន្ថែមថា បញ្ហាការនាំចូលជ្រូកនេះ អាជ្ញារខេត្តបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត មិនអាចឲ្យមានការធ្លោះធ្លយឡើយ ។ លោកថា កាលពីឆ្នាំ២០១៩ ខេត្តត្បូងឃ្មុំមានជ្រូក ៧ម៉ឺនក្បាល សម្រាប់ផ្គង់ផ្គង់ទីផ្សារក្នុងស្រុក ៕