ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជេីញចុះសំណេះសំណាល ផ្សព្វផ្សាយនិងតម្លេីងផ្ទាំង បាណូ អប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោកស្រី ប៊ុត រតនា នាយិការមូលនិធិ Sir Bobby Charlton ប្រតិបត្តិករបោសសម្អាតមីន អាជ្ញាធរដែនដីប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋបង្កេីនការប្រយ័ត្ន កុំឲ្យលេង ប៉ះពាល់ កែច្នៃមីននិងគ្រាប់ ជាពិសេសធ្វើការព្យួររាស់ត្រាក់ទ័រ កាប់ឆ្ការព្រៃ ឬហែកដីព្រៃ ដើម្បីធ្វើស្រែចំការ ឬដាំដំណាំផ្សេងៗ នៅក្នុងរដូវវស្សា នៃខែធ្លាក់ភ្លៀង ព្រោះតំបន់ទាំងនេះ ប្រតិបត្តិករដោះមីន មិនទាន់បានធ្វើការ បោសសំអាតមីន ទាំងស្រុងនៅឡើយទេ ដូចនេះនៅពេលបងប្អូនបានឃើញ ឬសង្ស័យថាមានមីន សូមរាយការណ៍ ជាបន្ទាន់មកអាជ្ញាធរដែនដី កងកំលាំងដែលរស់នៅក្បែរៗបងប្អូន។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់មូលនិធិ Sir Bobby Charlton ដែលបានជួយផលិតផ្ទាំងបាណូ អប់រំគ្រោះថ្នាក់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដេីម្បីលេីកកម្ពស់ ការយល់ដឹងនិងបង្ការគ្រោះ ដល់អាយុជីវិតប្រជាពលរដ្ឋ មូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រី បានស្នេីសុំអោយបន្ត ចូលរួមទប់ស្កាត់ការពារជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ឆមាសទី១ ឆ្នាំ២០២០នេះ អត្រាជនរងគ្រោះដោយសារមីន និងគ្រាប់ មានចំនួន ៣៦ នាក់ ក្នុងនោះ ខេត្តបាត់ដំបង ចំនួន១២ នាក់ (ស្រុកសំឡូត មានជនរងគ្រោះ១១នាក់)តួលេខ នេះបង្ហាញពីការថយចុះ ៤២% ប្រៀបធៀបជាមួយនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីន និងគ្រាប់ ចំនួន ៦២នាក់៕