ភ្នំពេញ ៖ លោក Dr. Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green Co., Ltd របស់ជប៉ុន បានឲ្យដឹងថាប្រទេសកម្ពុជា មានសក្តានុពលយ៉ាងធំធេង លើវិស័យកសិកម្មជាពិសេស ផលិតកម្មបន្លែ ប៉ុន្តែមិនទាន់ប្រើប្រាស់ធនធាន ដែលមានស្រាប់ឲ្យអស់លទ្ធភាពនៅឡើយទេ ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក Dr. Nabeshima បានថ្លែងថា «កសិកម្មកម្ពុជាមានសក្តានុពល យ៉ាងធំធេង ជាពិសេស ផលិត កម្មបន្លែ ប៉ុន្តែកម្ពុជា មិនទាន់បានប្រើប្រាស់ សក្តានុពល និងធនធាន ដែលមានស្រាប់ឲ្យអស់ លទ្ធភាពនៅឡើយ តាំងពីចំណុចចាប់ផ្តើម ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន ។និយាយរួមគឺការអនុវត្ត បច្ចេកវិទ្យាចុងក្រោយ ទាំងអំឡុងពេលដាំដុះ និងប្រមូលផលរហូតដល់លើតុ សម្រាប់អ្នកបរិភោគ»។
លោកបន្ដថា ហេតុផលទាំងអស់នេះ ជាដើមចមធ្វើឲ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ ទីផ្សារឲ្យបានគ្រប់គ្រាន់តាមតម្រូវការ ឬផ្គត់ផ្គង់បានទៅតាមរដូវ លើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការ ប្រកួតប្រជែងកម្រិតអន្តរជាតិបាន។
ជាការឆ្លើយតប លោក វេង សាខុន បានលើកឡើងថា នេះជាចំណុចចាប់ផ្តើមប្រកបដោយ មោទកភាព សម្រាប់ក្រសួង ដ៏ដូចជារាជរដ្ឋាភិបាល ជាពិសេស កសិករផលិតបន្លែផ្ទាល់តែម្តង តាមរយៈផ្ញើក្តីសង្ឃឹមថា នឹងទទួលបាននូវ បច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែ នៅកម្ពុជា នាពេលអនាគតដ៏ខ្លី ។
លោកសង្ឃឹម និងជឿជាក់ថា គម្រោងដ៏មានអត្ថ ប្រយោជន៍មួយនេះវានឹងទទួលបានជោគជ័យនាពេលអនាគត ដូចដែលក្តីស្រមៃរបស់ រាជរដ្ឋាពិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងន័យទទួល បានភាពជាម្ចាស់ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែ ទៅកាន់ទីផ្សារ អន្តរជាតិក្រោមស្លាក «ផលិតផលកម្ពុជា»។
លោកបន្ថែមថា ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ ជាពិសេស ក្នុងកាលៈទេសៈដែលពិភពលោក កំពុងជួប នូវវិបត្តិជំងឺឆ្លង កូវីដ-១៩ និងស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស ដល់ប្រជាកសិករកម្ពុជា ដើម្បីកែប្រែទម្លាប់ពីការ ផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី «កសិករ ទៅជាកសិ-ពាណិជ្ជករ»។
លោកបញ្ជាក់ថា គម្រោងវិនិយោគលើផលិតកម្មបន្លែនេះ គឺស្របពេលដែលអ្នកបរិភោគ កំពុងផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។
ដូច្នេះដើម្បីឆ្លើយតប និងបំពេញតម្រូវការនៃបរិបទថ្មីនេះ តម្រូវឲ្យមានកិច្ចសហការគ្នា យ៉ាងជិតស្និតពីគ្រប់ដៃគូ ពាក់ព័ន្ធតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»៕