ភ្នំពេញ៖ បន្ទាប់ពីភាគីកម្ពុជា-ថៃ បានបើកប្រជុំពិភាក្សាការងារ តាមរយៈ Video Conference អស់ជាច្រើនម៉ោងរួចមក ភាគីទាំងពីរមិនទាន់ឯកភាពគ្នា បើច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឺក នៅឡើយទេ ។
កាលពីព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយលោក វរ៉ាផាន់
សុវាណុន (WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈ Video Conference ។
លោក អ៊ុ រាត្រី បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមាន ការចូលទៅលក់ដូរនោះទេ ។ ចំពោះរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨ ដល់ម៉ោង ១០ព្រឹក ត្រូវឲ្យចូលឲ្យអស់ ហើយនៅវេលាម៉ោង ១រៀល ត្រូវចេញពីទឹកដីថៃវិញ ។
លោកអភិបាលខេត្តបន្តថា ចំពោះការអនុញ្ញាតឲ្យ ចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹង ពីររដ្ឋាភិបាលថៃ ។
លោកបញ្ជាក់ថា «ករណីបើក ឬបិទច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត-ខ្លងលឺក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មាន ផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ» ។
លោកបន្ថែមថា ដោយឡែកករណីប្រជាពលរដ្ឋខ្មែរ ដែលចេញពីថៃ មកមាតុប្រទេសវិញ គឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញ តាមច្រកអូរបីជាន់ដដែល ៕


