នាយករដ្ឋមន្រ្តីកម្ពុជា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ ភាពស្អិតរមួត និងការឆ្លើយតប

0

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២៣ មិថុនានេះ បានឲ្យដឹងថា អញ្ជើញអមសម្តេចតេជោ នៅក្នុងកិច្ចប្រជុំ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយក ចិត្តទុកដាក់លើកិច្ចខិតខំ ប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជម្ងឺរាតត្បាត ជាសកលកូវីដ-១៩ និងការលើកកម្ពស់ ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជម្ងឺកូវីដ-១៩ វិធីនិងមធ្យោបាយនានាដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍ អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។

ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម សម័យប្រជុំពិសេស របស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់ តួនាទីស្រ្តីក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងក្រុមប្រឹក្សា ផ្តល់យោបល់ធុរកិច្ចអាស៊ាន ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្រ្ដីការបរទេស អាស៊ានផ្សេងទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សន្តិសុខនយោបាយអាស៊ាន លើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួល អាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ ដែលក្នុងឱកាសនោះលោករដ្ឋមន្ត្រី នឹងពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេស ការត្រៀម រៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦ ៕