ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាល សម្រេចនិរាករណ៍ សេចក្ដីសម្រេចស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរចូលកម្ពុជា ដោយ ពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលវៀតណាមដោយពលរដ្ឋកម្ពុជាពោលគឺ អនុញ្ញាតិឲ្យពលរដ្ឋវៀតណាម អាចចេញ-ចូលកម្ពុជា បានវិញហើយ។
យោងតាមលិខិតរបស់ ក្រសួងការបរទេសនាពេលថ្មីៗនេះ អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា «ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន សម្ដេចក្រឡាហោម មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកាបរទេស ស្ដីពីការផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរ ចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀត ណាម និងការធ្វើដំណើរចូល ប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស»។
លោកបន្ដថា ចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជានឹងអនុវត្តសេចក្ដីប្រកាសចុង ក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្ត កន្លងរួចមកហើយជាមួយ ប្រទេសដទៃទៀត ដោយ អនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាមអស់ទាំងនោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយ គណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។
ជាងនេះទៅទៀត លោករដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស បញ្ជាក់ថា ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹង ទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រមតាមអនុក្រឹត្យ ស្ដីពី បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យ ជនបរទេសមិនមែនអន្ដោប្រវេសន្ដ ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា៕