ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ស្របពេលស្ថានភាពជំងឹកូវីដ១៩ កំពុងធូរស្រាលនៅតាម ប្រទេសមួយចំនួនលើពិភពលោក វេលានេះជាពេលប្រទេសទាំង២៦ ដែលជាដៃគូកិច្ចសហប្រតិបតិ្តការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកន្លងផុត ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៩ មិថុនានេះ បានឲ្យដឹងថា នៅថ្ងៃទី១៨ មិថុនាលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលរួមកិច្ចប្រជុំ ជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការអន្តរជាតិ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើង ដោយសាធារណរដ្ឋ ប្រជាមានិតចិន និងបានដឹកនាំដោយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន និងចូលរួមដោយរដ្ឋមន្រ្តីមកពី ២៦ប្រទេស ជាដៃគូនៃកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ។
ក្នុងកិច្ចប្រជុំនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «ខណៈដែលស្ថានភាពជម្ងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេស មួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវ ចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជម្ងឺរាតត្បាតកន្លងផុត» ។
អង្គប្រជុំបានទទួលស្គាល់នូវ ភាពចំាំបាច់តម្រូវឲ្យមាន សាមគ្គីភាពអន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងការគាំទ្រគ្នាទៅវិញទៅមក កាន់តែរឹងមាំជាងមុន ដើម្បីដោះស្រាយជម្ងឺរាតត្បាតសកល និងផលប៉ះពាល់សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងររបស់វា នៅទូទាំងពិភពលោក ឲ្យកាន់តែមានប្រសិទ្ធភាព ដោយគ្មានការរើសអើង ភាពលំអៀង ការប្រកាន់ពូជសាសន៍ និងភាពស្អប់ខ្ពើមឡើយ។
អង្គប្រជុំ ក៏បានពិភាក្សាពីវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីជំរុញការតភ្ជាប់ និងលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនអង្គប្រជុំពី យុទ្ធនាការដ៏ជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ គ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងការចូលរួមចំណែក របស់កម្ពុជានៅក្នុងកិច្ចប្រឹងប្រែងសកល។ លោកបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដឹកនាំនិងការរួមចំណែក របស់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតកូវីដ-១៩ នៅទូទាំងសកលលោក។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះ «វិថីសូត្រសុខភាព» ព្រមទាំងបានសង្កត់ធ្ងន់លើចំណុចដូចខាងក្រោម៖
-ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិទេ យើងមិនអាចឈ្នះការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតនេះទេ។ ការធ្វើនយោបាយណាមួយទៅលើការផ្ទុះឡើងនៃជម្ងឺរាតត្បាត ឬការ លេងល្បែងស្តីបន្ទោសដាក់គ្នា គឺបានត្រឹមតែកាត់បន្ថយនូវកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំង នឹងជម្ងឺរាតត្បាតសកលនេះ តែប៉ុណ្ណោះ។
-យើងចាំបាច់ត្រូវផ្តោតលើការពង្រឹងសមត្ថភាពរួមរបស់ពួកយើង ដើម្បីដោះស្រាយវិបត្តិសុខភាព សាធារណៈនេះ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍និងជំនាញបច្ចេកទេស ការចែករំលែក ឧត្តម្មានុវត្តន៍ ហើយនឹងរិះរកការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា លើថ្នាំព្យាបាលនិងវ៉ាក់សាំង។ ក្នុងន័យនេះ កម្ពុជាគាំទ្រដល់ការបង្កើតឱ្យមានគំនិតផ្តួចផ្តើម «វិថីសូត្រសុខភាព» ។
-ក្នុងបរិបទបច្ចុប្បន្ន ដែលពហុភាគីនិយមនៃវិស័យសុខាភិបាលកំពុងរងការវាយប្រហារ យើងគួរតែ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកយើង ក្នុងការគាំទ្រដល់តួនាទីរបស់អង្គការសុខភាព ពិភពលោក។ អង្គការសុខភាពពិភពលោក ត្រូវតែទទួលបាននូវមធ្យោបាយគ្រប់គ្រាន់ដើម្បីអាច បំពេញបេសកកម្មជាធម្មតារបស់ខ្លួនបានកាន់តែប្រសើរឡើង ។
-ខណៈដែលស្ថានភាពជម្ងឺកូវីដ-១៩ កំពុងធូរស្រាលនៅតាមប្រទេសមួយចំនួននៅលើពិភពលោក វេលានេះជាពេលត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវមធ្យោបាយ ដើម្បីបង្កើតបរិយាកាស អំណោយផលសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាតកន្លងផុត។
-ទីផ្សារដែលកំពុងរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍ មានសារៈសំខាន់ជាអ្នកផ្គត់ផ្គង់ផង និងជា ទីផ្សារផង។ ការធានាបាននូវការតភ្ជាប់ដែលគ្មានរបាំងក្នុងចំណោមយើងទាំងអស់គ្នា នឹងជួយ ពង្រឹងសេដ្ឋកិច្ចរបស់យើង។
-ក្នុងនាមជាប្រទេសដែលមានជំនឿមុតមាំលើពហុភាគីនិយម និងជាតួអង្គសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ កម្ពុជាសូមអំពាវនាវឱ្យមានការចូលរួមកាន់តែស៊ីជម្រៅបន្ថែម ទៀត ពីសំណាក់តួអង្គរដ្ឋនិងមិនមែនរដ្ឋទាំងអស់ នៅក្នុងបណ្តាកម្មវិធីទាំងឡាយនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលបានបង្កើតឡើងជាពិសេស ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកជាមួយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ។
អង្គប្រជុំបានអនុម័ត សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំជាន់ខ្ពស់ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបតិ្តការ អន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ស្មារតីរួមនៃសាមគ្គីភាព របស់អ្នកចូលរួមប្រជុំទាំងអស់ និងបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ កិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេស ក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតកូវីដ-១៩ លើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គម និងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកសាងសហគមន៍ នៃអនាគតរួម ៕