វិស័យកសិកម្ម និងវិស័យធនាគារ នៅតែបន្តកើនឡើង ទោះបីមានបញ្ហាកូវីដ១៩

0

ភ្នំពេញ៖ ទោះបីឥទ្ធិពល នៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាព សេដ្ឋកិច្ចកម្ពុជាមានការថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង យ៉ាងណាក៏ដោយ បើតាមអះអាងរបស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យកសិកម្ម និងវិស័យធនាគារ គឺនៅតែបន្តកើនឡើង។ នេះបើយោងធនាគារជាតិនៃកម្ពុជា ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោក ជា ចាន់តូ បានលើកឡើងថា «ផលប៉ះពាល់ ដោយសារឥទ្ធិពល នៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យសកម្មភាព សេដ្ឋកិច្ចកម្ពុជាថមថយ ជាពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ ទោះយ៉ាងណា វិស័យកសិកម្ម និងវិស័យធនាគារ ក៏នៅតែបន្តកើនឡើង» ។

លោកទេសាភិបាលបន្តថា នៅក្នុងវិស័យធនាគារនេះ ធនាគារជាតិនៃកម្ពុជា ក៏បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់លទ្ធភាពដល់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ និងបានលើកទឹកចិត្ត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលការលំបាក របស់អតិថិជន ដែលរងឥទ្ធិពល នៃវិបត្តិសុខភាពពិភពលោក ជំងឺកូវីដ១៩។

លោក ក៏បានជម្រាបជូនអំពី ការពង្រឹងមូលដ្ឋានគតិយុត្តិ កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងចំណេះដឹងរបស់វិស័យសាធារណៈ និងឯកជន លើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML-CFT) ហើយនាពេលថ្មីៗនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលឆាប់ៗនេះ។

លោក ក៏បានលើកឡើងអំពី ការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា និងការស្តារនិងពង្រឹងប្រព័ន្ធធនាគារ ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ក៏ដូចជាការពង្រឹង គោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ។

ចំណែក លោក ផាក ទ្រីតម៉ាហ្វី (W. Patrick Murphy) បានវាយតម្លៃខ្ពស់ លើកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការដាក់ចេញវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងការអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិកនិងកម្ពុជា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានរៀបចំប្រធានបទ ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ទៅតាមខែនីមួយៗក្នុងឆ្នាំ២០២០ រួមមាន៖

១/ខែមករា៖ កសិកម្ម
២/ខែកុម្ភៈ៖ យុវជន ការអប់រំ និងបច្ចេកវិទ្យា
៣/ខែមីនា៖ ស្ត្រី និងសមភាពយេនឌ័រ
៤/ខែមេសា៖ បរិស្ថាន
៥/ខែឧសភា៖ សុខភាពសាធារណៈ
៦/ខែមិថុនា៖ ទំនាក់ទំនងរវាងប្រជាជន
៧/ខែកក្កដា៖ ការប្រារព្ធខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ
៨/ខែសីហា៖ ជំនួយមនុស្សធម៌
៩/ខែកញ្ញា៖ ពាណិជ្ជកម្មនិងការវិនិយោគ
១០/ខែតុលា៖ ការពង្រឹងច្បាប់
១១/ខែវិច្ឆិកា៖ កិច្ចសហប្រតិបត្តិការក្នុងតំបន់/អាស៊ាន
និង១២/ខែធ្នូ៖ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ចាន់តូ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាមេរិក ដែលបានគាំទ្រនិងផ្តល់ជំនួយ បច្ចេកទេសដល់កម្ពុជា ហើយដោយឡែកនៅធនាគារជាតិនៃកម្ពុជា ជំនួយបច្ចេកទេស ពីរដ្ឋាភិបាលអាមេរិក បានរួមចំណែក ក្នុងការពង្រឹងការត្រួតពិនិត្យ ការវិភាគសេដ្ឋកិច្ច និងការអភិវឌ្ឍប្រព័ន្ធរាយការណ៍ តាមអេឡិចត្រូនិក របស់អង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា (FIU) ៕