បុណ្យសមុទ្រឆ្នាំនេះ នឹងបង្អួតប្រាប់អន្តរជាតិ ថាកម្ពុជាជាគោលដៅ ទេសចរណ៍ ដែលមានគុណភាព

0

ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអះអាងថា តាមរយៈការប្រារព្ធធ្វើ បុណ្យសមុទ្រលើកទី៩ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ នៅឆ្នាំ២០២០នេះ នឹងបង្ហាញប្រាប់អន្តរជាតិឲ្យដឹងកាន់តែច្បាស់ថា កម្ពុជា ជាគោលដៅទេសចរណ៍ មានសុវត្ថិភាព និងគុណភាពសេវាកម្មប្រសើរជាងមុន។

ក្នុងកិច្ចប្រជុំមួយនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកថោងខុន បានថ្លែងថា ក្នុងករណីដែល សភាពការណ៍កូវីដ១៩ បានធូរស្រាល ហើយរាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យក្រសួងទេសចរណ៍គ្រោង កំណត់យកការរៀបចំ ពិធីបុណ្យសមុទ្រ លើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២០នេះ ។

លោកបន្តថា “ការប្រារព្ធបុណ្យសមុទ្រនេះ ជាយុទ្ធនាការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ ដើម្បីផ្សព្វផ្សាយ ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅ ទេសចរណ៍មានសុវត្ថិភាព និងមានគុណភាព សេវាកម្មទេសចរណ៍ ល្អប្រសើជាងមុន”។

ក្នុងឱកាសនោះ លោកក៏បានណែនាំ ដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំឱ្យបាននូវបង្គន់អនាម័យសាធារណៈ ឱ្យបានច្រើនកន្លែង និងមានស្ដង់ដាត្រឹមត្រូវ ដើម្បីដាក់បម្រើជូនភ្ញៀវទេសចរ ដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។

លើសពីនេះទៀត លោកក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ ខេត្តត្រូវរៀបចំ កែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ ដើម្បីផ្ដល់ភាពងាយស្រួលដល់ទេសចរ ក្នុងការទទួលបានព័ត៌មាន ទេសចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅ ទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។

លោករដ្ឋមន្រ្តីបញ្ជាក់ថានៅក្រុងព្រះសីហនុការរៀបចំ ទីក្រុងទំនើបបាននិងកំពុងធ្វើ ប្រកបដោយភាព ទាក់ទាញប្លែកភ្នែក រីឯប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ ក៏ជិតបង្ហើយការរៀបចំដែរ។

លោកសង្កត់ធ្ងន់ថា ប៉ុន្តែគុណភាពសេវាកម្មទេសចរណ៍ និងការរៀបចំកែលម្អរមណីយដ្ឋាន ឆ្នេរសមុទ្រ ក៏ត្រូវបន្តការរៀបចំឱ្យល្អប្រសើរផងដែរ ដើម្បីត្រៀមឱ្យបានរួចស្រេចនៅពេលកំណើនភ្ញៀវទេសចរងើបឡើងវិញ ពិសេស នៅពេលភ្ញៀវទេសចរ ក្នុងស្រុកកំពុងមានសកម្មភាព ងើបឡើងវិញ បូករួមនឹងការដាក់ឱ្យ អនុវត្តក្រមប្រតិបត្តិ និងវិធានសុវត្ថិភាពទេសចរណ៍ថ្មី (New Normal) ដែលមាននៅក្នុង សេវាកម្មទេសចរណ៍នានា៕