ឈ្មួញនាំចូលមាន់ ខុសច្បាប់ពីថៃ តាមច្រករបៀង ខេត្តបន្ទាយមានជ័យ យ៉ាងគំហុក តែមន្ត្រីជំនាញឆ្លើយគ្មាន ទំនួលខុសត្រូវសោះ

0

ភ្នំពេញ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ រហូតដល់ម៉ោង២ទាបភ្លឺ ក្រុមឈ្មួញលួចនាំចូលមាន់ខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញបសុពេទ្យ ឆ្លើយថា កិច្ចការហ្នឹង «ដូចក្ដាមចាប់ដាក់ចង្អេរ»។

សេចក្ដីរាយការណ៍ បានបន្ដថាឈ្មួញបានលួចនាំចូល មាន់ខុសច្បាប់ពីថៃ តាមច្រករបៀង ដែលនៅសងខាង នៃច្រកតំបន់បឹងត្រកួន ច្រកម៉ាឡៃនិងច្រកអន្ដរជាតិប៉ោយប៉ែត ស្ថិតតាមបណ្ដោយព្រំដែន ស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត , អូរជ្រៅ និងថ្មពួក ។ប្រភពដដែលបានបន្ដទៀតថា មន្ត្រីជំនាញនិងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនគេមិនដែល ឃើញ មន្ត្រីទាំងអស់នោះ ចុះមកធ្វើការទប់ស្កាត់ឫត្រួតពិនិត្យ សុខភាពសត្វទាំងអស់នេះម្តងណានោះ ឡើយ ដោយសង្ស័យថា ត្រូវរ៉ូវ គ្នាជាមួយ ឈ្មួញ ជាប្រព័ន្ធ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធការនាំចូលមាន់រស់ពីប្រទេសថៃ នេះដែរកន្លងមក អាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្លាប់ជូនដំណឹងមិនឲ្យមានការនាំចូល នោះទេ តែសកម្មភាពនាំចូលរបស់ក្រុមឈ្មួញ ឫមន្ត្រីជំនាញមិនបានអនុវត្ដតាមនោះទេ ដោឃើញថាមាន់រស់ និងសត្វពាហនៈផ្សេងទៀត នាំចូលពីប្រទេសថៃ តាមច្រករបៀងនិងតាមច្រកតំបន់ហូរហែ ជារៀងរាល់យប់-ថ្ងៃ ជាពិសេសត្រង់ចំណុចភូមិជោគជ័យ រហូតដល់បឹងត្រកួន ជាដើម។

ប្រភពព័ត៌មានច្បាស់ការ បានបង្ហើបមកថា លោក ហ៊ុយ ទូច នាយការិយាបសុពេទ្យ ខេត្តបន្ទាយមានជ័យ មានជំនាញគ្រប់គ្រងទៅលើការនាំចូលសត្វបក្សី ឫក៏សត្វពាហនៈដ៏ទៃទៀត ពីប្រទេសថៃក្នុងការត្រួតពិនិត្យ សុខភាព តែការនាំ ចូលកន្លងមកនេះ ពុំដែលមានការត្រួតពិនិត្យនោះទេ ធ្វើឲ្យមតិមហាជនដាក់ការសង្ស័យថា ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញ ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញនាំចូលមាន់រស់ តាមច្រកតំបន់ និងច្រករបៀង ជាច្រើនកន្លែងក្នុង ខេត្តបន្ទាយមានជ័យ ត្រូវ បង់លុយ ក្នុង១ឡានតូច ចាប់ពី១០០ ០០០រៀលទៅ ២០០ ០០០ តាមប្រភេទនៃឡានគឺអាច ដឹកជញ្ជូនទំនិញទាំងនោះ ទៅដល់គោលដៅយ៉ាងសុខស្រួល ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ លោក ហ៊ុយ ទូច នាយការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា កន្លងមកថា មន្ដ្រីរបស់លោកកំពុងតែធ្វើកាងារហ្នឹង ហើយកាលពីម្សិលម្ង៉ៃបណ្ដេញយើងទើបចាប់បានការ នាំចូលមាន់តាមច្រកម៉ាឡៃ អញ្ចឹងទើបឈ្មួញរត់មកច្រកខាងបឹងត្រកួន វិញ «ដូចក្ដាមចាប់ដាក់ចង្អេរ» ហើយត្រូវយល់មន្ដ្រីពេទ្យសត្វ មានប៉ុន្មាននាក់ ?ចំណែកព្រំដែនមានប្រវែង ១៥៣.៦គីឡូម៉ែត្រ ចំណែកកិច្ចការលាភសក្ការៈពី ឈ្មួញ មន្ត្រីរបស់លោកគ្មាន ជាប់ពាក់ព័ន្ធ ដូចការលើកឡង ដកបន្ទុកសម្រាប់រួចខ្លួននោះឡើយ ។

លោក ហ៊ុយ ទូច បានអះអាងទៀតថា តាមបណ្ដោយព្រំដែនពិតជា មានការនាំចូលមាន់ខុសច្បាប់ ហើយមានក្រុមហ៊ុនខ្លះ «កន្ទេលធំ បន្លំដេក » លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏បានជូនដំណឹងដល់ច្រក ក៏ដូចអ្នកពាក់ព័ន្ធ ព្រមទាំងឲ្យ មានការទប់ស្កាត់រឿងហ្នឹងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ។

លោកបន្ដថា កិច្ចការទាំងអស់ហ្នឹង «ដូចវែកចកអញ្ចឹង» ពីព្រោះច្រករបៀង ខេត្តបន្ទាយមានជ័យ មានច្រើនណាស់ បេសកម្មរបស់មន្ត្រីពេទ្យសត្វ ត្រូវធ្វើមានអ្វីខ្លះ បើសិនអត់មានការចូលរួមទាំងអស់គ្នា ធ្វើការទប់ស្កាត់ចាប់យ៉ាងមិចក៏វា មិនអស់ដែរ ។

ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសុខភាពរបស់ពួកគាត់ ហើយចុងបញ្ចប់ពួកគាត់ បានទទូចសុំដល់ថ្នាក់ដឹកនាំនិងក្រសួងស្ថាប័ន មន្ត្រីជំនាញ មេត្តាជួយចាត់វិធានការទប់ស្កាត់ នូវបទល្មើស ទាំង អស់ នេះផង ដើម្បីជួយសង្គ្រោះ ដល់អាយុជីវិត របស់ពួកគាត់ សម្រាប់ទៅថ្ងៃអនាគត៕