សម្ដេចតេជោ បញ្ជាក់ជាថ្មីថា សុខទុក្ខរបស់ប្រទេសចិន ក៏ជាសុខទុក្ខ របស់កម្ពុជា

0

ភ្នំពេញ៖ ស្របពេលដែល ទីក្រុងប៉េកាំង ប្រទេសចិន មានចំនួនអ្នកឆ្លងកូវីដ១៩ ថ្មី ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ មានចំនួន ៥៩នាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំដែងការ ចូលរួមក្នុងក្តីព្រួយបារម្ភនេះមួយនេះ ដោយសម្ដេចបានបញ្ជាក់ជាថ្មីថា សុខទុក្ខរបស់ប្រទេសចិន ក៏ជាសុខទុក្ខ របស់កម្ពុជាផងដែរ។

នៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចបានសរសេរយ៉ាងដូច្នេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនប្រជាពលរដ្ឋទូទាំង ប្រទេសបន្តចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺ ឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។

សម្ដេចបន្តថា ដូចយើងទាំងអស់គ្នា បានដឹងហើយពេលនេះ កម្ពុជាយើងក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀត ដែលបានធ្វើដំណើរមក ពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាល នឹងរស់នៅដាច់ដោយឡែក ក្នុងមណ្ឌលព្យាបាល កូវីដ១៩។

សម្ដេចគួសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស មើលស្រាលលើជំងឺកូវីដ១៩ អោយសោះ។ តាមការបញ្ជាក់ របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះ ចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង 7,410,510 ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ 418,294 នាក់។ នៅសហរដ្ឋអាមេរិក គឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិនចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ គឺមាន ៥៩នាក់ ដែលកម្ពុជា សូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិន ក៏ជាសុខទុក្ខ របស់កម្ពុជាផងដែរ។»

ជាមួយគ្នានេះផងដែរ សម្ដេចក៏បានណែនាំ ឱ្យប្រជាពលរដ្ឋ បន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗ មួយចំនួនដូចជា ការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ចឹល នឹងម៉ាសសម្រាប់ ពាក់ការពារទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ពីម្នាក់ទៅម្នាក់ ។

សម្ដេចបន្ថែមថា ប្រសិនបើមានការ សង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕