ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជម្ងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) ដែលនឹងប្រព្រឹត្តទៅនៅម៉ោង ២រសៀល ថ្ងៃទី១៧ មិថុនានេះ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងត្រូវបានដឹកនាំដោយ សហប្រធានសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេស សម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសសហព័ន្ធរុស្ស៊ី នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតជាសកល និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ នៅលើគ្រប់វិស័យដែលមាន ផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី ជាពិសេស លើវិស័យ សុខភាពសាធារណៈ។
កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ ត្រូវបានរៀបចំឡើងចំពេលវេលាដ៏លំបាក និងមមាញឹក ដោយសារតែបញ្ហាប្រឈម ជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន ហើយជម្ងឺឆ្លងកូវីដ-១៩ នេះ ទាមទារនូវការប្រយុទ្ធប្រឆាំងរួមគ្នា តាមរយៈការរួបរួមគ្នានិងសាមគ្គីភាព ដោយផ្អែកទាំងស្រុងទៅលើ គ្រឹះពហុភាគីនិយមដែលមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ គឺជាការបោះជំហានទៅមុខបន្ថែមទៀត នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន និងរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ៕