ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាចាប់ពីថ្ងៃទី៧ ដល់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍ពុលស្រាថ្នាំ ចិនសែតាំងគួយបានកើតឡើងនៅក្នុងភូមិចំនួន ៩ភូមិ នៅក្នុងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យ ដែលមានអ្នកពុលស្រាថ្នាំនេះ សរុបចំនួន ៤៤នាក់។
ឆ្លើយតបទៅនឹងសំណួរ ជាច្រើនពីលោកអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរអត្ថបទ ខាងក្រោមនេះ សូមជម្រាបជូនសាធារណជូនទាំងអស់ ដោយធ្វើបច្ចុប្បន្នភាពស្តីពី ស្ថានភាពពុលស្រានៅខេត្តបន្ទាយមានជ័យ មានដូចតទៅ៖
ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍ពុលស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ) បានកើតឡើងនៅក្នុងភូមិចំនួន ៩ភូមិ នៅក្នុងក្រុងប៉ោយប៉ែត និងស្រុក ម៉ាល័យនៃខេត្តបន្ទាយមានជ័យ ដែលមានអ្នកពុលស្រាថ្នាំនេះ សរុបចំនួន ៤៤នាក់ (ក្នុងនោះ មានស្ត្រីចំនួន ០៣នាក់ និងស្លាប់បុរសចំនួន ៧នាក់)។ ហេតុការណ៍ពុលស្រានេះ កើតមានឡើងនៅតាម ទីតាំងជាច្រើនកន្លែង មានដូចខាងក្រោម ៖
១). នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ចំនួន ២នាក់ ជាកម្មករសំណង់ (ឳពុក និងកូនប្រសា តែឳពុក បានស្លាប់)
២). ពិសារស្រានៅភូមិបន្ទាយទី១ (ខ្លាងាប់) ឃុំទួលពង្រ ស្រុកម៉ាឡៃ តែជាអ្នករស់នៅភូមិភ្នំរូង ឃុំបឹងបេង នៃស្រុកម៉ាឡៃ ចំនួន ០៥នាក់ (បុរសអ្នកបើកឡានដឹកដី ០១នាក់ (ស្លាប់) បុរសអ្នកបើកម៉ៃខូង (អេស្កាវ៉ាទ័រសម្រាប់កាយដី) ០១នាក់ និងបុរសកម្មករ ០៣នាក់)
៣). នៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ចំនួន ០៥នាក់ (បុរសជាងផ្សារដែកចំនួន ០៣នាក់ (០១នាក់ ស្លាប់) មានទីលំនៅ ឃុំចំណោម ស្រុកមង្គលបូរី កម្មករសំណង់ចំនួន ០១នាក់ និងបុរសនៅផ្ទះចំនួន ០១នាក់)
៤). បុរសកម្មករសំណង់ ចំនួន ០៥នាក់ (ស្លាប់ ០១នាក់) ពិសារស្រានៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត តែពួកគាត់ជាអ្នករស់នៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី
៥). ពិសារស្រានៅភូមិសាមគ្គីមានជ័យ ក្រុមហ៊ុនសំណង់មួយ (នៅដើមស្រល់) សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំនួន ០៥នាក់ ជាបុរសកម្មករសំណង់ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់ ០១នាក់)
៦). ក្រុមពិសារស្រាកំដរបុណ្យសពម្តាយក្មេក នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន ១៤នាក់ (ស្រី ០៣នាក់ និងបុរសស្លាប់ ០១នាក់ ជាកូនប្រសារសពខាងលើ)
៧). ពិសារស្រានៅភូមិព្រៃគប់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ០២នាក់ (ស្លាប់ ០១នាក់ ជាបុរសកម្មករគ្មានផ្ទះសម្បែង) និង សង្គ្រោះបន្ទាន់ដោយលាងឈាម នៅមន្ទីរពេទ្យខេត្តសៀមរាបចំនួន ០១នាក់
៨). ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានចំនួន ០៣នាក់ (បុរស) និង
៩. នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាលចំនួន ០២នាក់ (បុរសជាកម្មករ)។
គិតត្រឹមម៉ោង ១៣:៣០នាទី នៃថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកជំងឺដែលនៅសល់កំពុងសម្រាកពេទ្យសរុបមានចំនួន ១៥នាក់ (មន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី មានចំនួន ០៩នាក់ មន្ទីរពេទ្យប៉ោយប៉ែតមានចំនួន ០៥នាក់ និងមន្ទីរពេទ្យខេត្តសៀមរាបមានចំនួន ០១នាក់) ក្រៅពីនោះ ពួកគាត់បានទទួលការព្យាបាលបានធូរស្បើយ ហើយបានចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនរួចហើយដែរ។
លទ្ធផលវិភាគសំណាកស្រា ដែលទទួលបានពីមជ្ឈមណ្ឌលជាតិពិសោធន៍នៃក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោមនេះ ៖
− សំណាកដែលបានយកនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានកម្រិតមេតាណុល ១៣,៥%
− សំណាកដែលបានយកនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុល ១៤,៩% និង
− សំណាកដែលបានយកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុលរហូតដល់ ១៥,១%
រោគសញ្ញា ដែលកើតមាននៅពេលដែលអ្នកពុលស្រាខាងលើនេះ បានចូលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យម៉ាឡៃ និងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ មានអ្នកខ្លះមានអាការរៈ ក្អួត ចុកដើមទ្រូង និងស្រវាំងភ្នែក និងអ្នកខ្លះទៀត មានអាការៈធ្ងន់ធ្ងរ ដោយមានស្ថានភាពសន្លប់ និងរីកប្រស្រីភ្នែក ដែលជាទូទៅរោគសញ្ញានៃការពុលស្រានេះ គឺមានអាការៈឈឺក្បាល អស់កម្លាំង វិលមុខ ក្អួត ស្រវាំងភ្នែក និងពិបាកដកដង្ហើម។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដាក់ចេញនូវគោលការណ៍ណែនាំតាមលិខិតលេខ ១១៧ សខល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ជូនអភិបាលរាជធានី-ខេត្តទាំងអស់ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងអនុវត្ត និងបានផ្សព្វផ្សាយរួចហើយដែរ។
ជាការក្រើនរំលឹក ដើម្បីសុខភាពបងប្អូនប្រជាពលររដ្ឋ ចៀសផុតពីការពុលស្រាស ឬស្រាថ្នាំ ដែលផលិតមិនត្រឹមត្រូវនេះលោករដ្ឋមន្រ្តីសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម ៖