បារាំង ​សន្យាជួយ​បង្រៀន ​ទ័ព​មួក​ខៀវ​កម្ពុ​ជា និង​ពង្រឹងកិច្ច​សហការ ​រវាង​អាវុធ​ហត្ថ នៃប្រទេសទាំងពីរ

0

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានសន្យាជួយ​​បណ្តុះ​បណ្តាល​ និង​បង្រៀន​ភាសា​បារាំង​ ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា និង​ពង្រឹងកិច្ច​សហប្រតិបត្តិការ​រវាង​កង​រាជ​អាវុធ​ហត្ថ​ នៃកងយោធពលខេមរភូមិន្ទ និង​កង​រាជ​អាវុធ​ហត្ថ​សាធារណរ​ដ្ឋ​បារាំ​ង ។

កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថានទូតបារាំងប្រចាំកម្ពុជា​ បាន​ឈាន​ដល់​ការចុះ​ហត្ថលេខា​ ជាមួយ​ក្រសួង​ការ​ពារ​ជាតិកម្ពុជា​ លើ​អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ ​ក្នុងការ​ជួយ​បណ្តុះ​បណ្តាល​ និង​បង្រៀន​ភាសា​បារាំង​ដ​ល់កងកម្លាំង​មួក​ខៀវ​កម្ពុ​ជា និង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​រាជ​អាវុធ​ហត្ថ​ នៃកងយោធពលខេមរភូមិន្ទ និង​កង​រាជ​អាវុធ​ហត្ថ​សាធារណរ​ដ្ឋ​បារាំ​ង។​ ពិធីចុះហត្ថ​លេខា​នេះ​ បាន​ធ្វើឡើងដោយមានការ អញ្ជើញចូលរួមរបស់នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត ​រដ្ឋលេខា​ធិការ​ប្រចាំ​ការ ក្រសួង​ការ​ពារ​ជាតិ​ និង​លោកស្រី អ៊ីវ៉ា​ ង្វៀន​ប៊ីន​ (Eva NGUYEN BINH​) ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា​។​

ក្នុងឱកាសនោះនា​យ​​ឧត្ត​ម​សេនីយ៍ ​នាង​ ផាត​ បញ្ជាក់ថា តាម​ការ​ពិត​អនុស្សរណៈ​ ដែល​ត្រូវ​ចុះមា​នចំនួន​បី​ តែ​យើង​ចុះលើ​អនុស្សរណៈ​ចំនួន ២សិន​ ដែល​អនុស្សរណៈទី​៣ យើង​កំពុង​ពិចារណា ​ពិភាក្សា​បន្ត​ទៀត ​ដើម្បី​ដំណើរ​ការ​នៅ​ពេល​ក្រោយ​។​ លោកនា​យ​​ឧត្ត​ម​សេនីយ៍​សង្ឃឹ​ម​ថា​ នៅពេល​ខាង​មុខ​នេះ ​​ចំណង​មិត្តភាព​ សាមគ្គីភាព ​និង​កិច្ចសហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ​ និង​កង​ទ័ព​ទាំង​ពីរ​ នឹង​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ទ្វេ​ឡើង​បន្ថែម​ទៀត​។​

ជាមួយគ្នានោះលោក​ស្រីឯកអគ្គរដ្ឋទូត​​បារាំង បានលើកឡើងថា ការចុះហត្ថ​លេខា​ជា​មួយ​គ្នា​នា​ពេល​នេះ​ គឺ​ពិត​ជា​មាន​តម្លៃ ​និង​មាន​សារៈ​​សំខាន់​បំផុត ​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​សាធារណរដ្ឋ​បារាំង ​និង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​ លោក​ស្រីបន្ថែមថា ជំងឺ​កូវីដ-១៩​នេះ ​មាន​ឥទ្ធិ​ពល​អាក្រក់​សម្រាប់​ការ​បំពេញ​បេសក​កម្ម​រប​ស់ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ រួម​នឹង​ការផ្លា​ស់​ប្តូរ​របស់​ កង​ទ័ព​កម្ពុជា​នាពេ​ល​ខាង​មុខ​ ៕