សប្បាយចាយលុយដុល្លារ ក្លែងក្លាយ ត្រូវជាប់ខ្នោះ

0

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានចុះប្រតិបត្តិការដេញតាមចាប់ខ្លួន ជនសង្ស័យម្នាក់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រោយជនសង្ស័យធ្វើសកម្មភាព ចាយលុយដុល្លារក្លែងក្លាយ ។

បើតាមនគរបាលបានឲ្យដឹងថា ហេតុការណ៍នាំឲ្យមានការ ចាប់ខ្លួនជនសង្ស័យនោះ ដោយសារតែជនសង្ស័យ បានយកលុយដុល្លារក្លែងក្លាយ ទៅទិញកាតទូរស័ព្ទ ពីអាជីវករលក់ដូរមួយកន្លែង នៅស្រុកភ្នំក្រវាញ ហើយត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ដើម្បីស្វែងរកតាមចាប់ខ្លួនបានភ្លាមៗ ក្នុងពេលដែលជនសង្ស័យនោះ កំពុងព្យាយាមជិះម៉ូតូ បំរ៉ុងគេចខ្លួនពីមូលដ្ឋាន។

ជនសង្ស័យមានឈ្មោះ តាំង តាយ ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចនគរបាល ក៏បានរឹបអូស ម៉ូតូ១គ្រឿង និងលុយដុល្លារក្លែងក្លាយចំនួន ៩៣០ដុល្លារផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានគរបាល ខេត្តពោធិសាត់ ដើម្បីចាត់ការបន្តតាមច្បាប់ ៕