ក្រសួងសាធារណការ ស្នេីឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ផ្លូវជាតិលេខ៧ ពិនិត្យបច្ចេកទេស មួយចំនួនឡើងវិញ

0

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើទៅកាន់ក្រុមហ៊ុន ម៉ៅការសាងសង់ ផ្លូវជាតិលេខ៧(ក្រចេះ-ត្បូងឃ្មុំ) ឱ្យពិនិត្យមើលឡើងវិញនូវ បច្ចេកទេស មួយចំនួនទាក់ទង នឹងការសាងសង់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃការស្ថាបនាធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ (១៦៤ គ.ម) លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមិនទាន់ចេញវិញ្ញាបនបត្រ បញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេស មួយចំនួនទាក់ទង នឹងការសាងសង់ ។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុនម៉ៅ ការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធ សហការគ្នាកែសម្រួលលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវ អនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុក ឱ្យបាន១០០%។»

សូមរំលឹកថា គម្រោងផ្លូវជាតិលេខ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC ហើយគម្រោងនេះ ត្រូវបានបែងចែក ជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន៣៦ ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុប ប្រមាណ ៣៦.៤៥៦.០៦៤,៧៥ដុល្លារអាមេរិក។

រហូតមកដល់បច្ចុប្បន្ននេះ កំណាត់ផ្លូវនេះសាងសង់រួចរាល់បានប្រមាណ៨០%ហើយ។

គួរបញ្ជាក់ថា៖ បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់ កំពុងកែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណា ដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវនេះ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស៊ុន ចាន់ថុល បានជម្រាបជូនគម្រោងសាងសង់ផ្លូវពីក្រចេះ ទៅទល់ដែនប្រទេសឡាវ (ត្រពាំងក្រៀល)ដោយលោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងបានសិក្សារួចរាល់ និងកំពុងតែរង់ចាំភាគីចិន សម្រេចតែប៉ុណ្ណោះ។

ជាមួយគ្នានោះផងដែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គម្រោងសាងសង់ស្ពាន ឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ត្រូវបានសិក្សា ចប់សព្វគ្រប់ និងគ្រោងដាក់ដេញថ្លៃនៅពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលឆ្លងកាត់ ទៅកាន់ខេត្តកំពង់ធំ ឱ្យបានឆាប់រហ័ស ចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះ ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ឱ្យគោរពច្បាប់ចរាចរណ៍ កុំដឹកទំនិញលើសទម្ងន់ កំណត់ដោយច្បាប់ កុំកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយករថយន្តទៅឆៀក បើដល់ពេលត្រូវឆៀក ទៅប្ដូរពន្យារប័ណ្ណបើកបរបើហួសសុពលភាព ពាក់ខ្សែក្រវ៉ាត់ពេលបើបររថយន្ត ពាក់មួកសុវត្ថិភាព កុំបើកបរក្រោមឥទ្ធិផលគ្រឿងញៀន និងគ្រឿងស្រវឹង ដើម្បីសុវត្ថិភាព ទាំងអស់គ្នា និងដើម្បីជៀសវាងការផាកពិន័យនានា៕