ភ្នំពេញ៖ ក្នុងសាររំលឹកដាស់តឿន ឲ្យមានការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយល់ច្រឡំថា កម្ពុជាមានសីតុណ្ហភាពក្តៅខ្លាំង អាចសម្លាប់មេរោគកូវីដ១៩ ដ៏កាចសាហាវបានឱ្យសោះ ។
តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នះថា” ជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិ មានការប្រុងប្រយ័ត្នថែរក្សាសុខភាព អោយបានល្អចូលរួមទប់ស្កាត់ កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿន សាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ ហើយមានប្រទេសជាច្រើន នៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលារៀនរួមទាំង នៅកម្ពុជាយើងផងដែរ”។
សម្ដេចបន្តថា “ទោះបីកម្ពុជាយើងចំនួន អ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគ ក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែស មើលស្រាលបណ្តែតបណ្តោយខ្លួន អោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក(WHO)បានបញ្ជាក់ថានៅលើ216ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ 7,039,918 នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 404,399 នាក់ដែរ”។
សម្ដេចបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិ ឧស្សាហ៍ដុសលាង សម្អាតដៃ ជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារ ដោយមិនត្រូវខ្មាស់អៀន ឬស្មានៗ គិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុក យើងសីតុណ្ហភាពក្តៅខ្លាំង អាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។ សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារ កុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវតែប្រុងប្រយ័ត្ន ទាំងអស់គ្នាជាប់ជានិច្ច។»
ជាចុងបញ្ចប់សម្ដេច ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល ហើយប្រសិនបើ មានចម្ងល់ឬការសង្ស័យអ្វីមួយ អំពីជំងឺឆ្លងកូវីដ១៩ សូមខលទាក់ទងទៅលេខ ១១៥ ជាបន្ទាន់។
សូមរំលឹកថាមកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន១២៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន១២៤នាក់ ខណៈនៅសល់ពីរនាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខ្មែរ-សូវៀត និងគ្មានអ្នកស្លាប់ ៕