អភិបាលខេត្តព្រះសីហនុ៖ ទោះមានរោងចក្រជាង២០ សុំព្យួរការងារ ក៏ប៉ុន្តែក៏មានបណ្តារោងចក្រមួយចំនួន សុំថែមម៉ោង ធ្វើការ

0

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា សព្វថ្ងៃនេះមានរោងចក្រចំនួន២០ នៅខេត្តព្រះសីហនុ សុំព្យួរការងារ ដោយសារជំងឺ កូវីដ-១៩ ហើយក៏មានរោងចក្រមួយចំនួន បន្តការងារធម្មតា ផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពទិសដៅការងារបន្ដរបស់រដ្ឋបាល ខេត្តព្រះសីហនុ» នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ លោក គួច ចំរើន បានថ្លែងថា ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១០កន្លែង ប៉ុន្តែបច្ចុប្បន្នដំណើរការបាន៤កន្លែង តែប៉ុណ្ណោះដោយរោងចក្រមួយចំនួន បានបិទទ្វារដោយសារខ្វះវត្ថុធាតុដើម ដែលបណ្តាលមកជំងឺកូវិដ-១៩។

លោកបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសទាំង៤កន្លែង ដែលកំពុងតែដំណើរការនោះកំពុងតែសម្រុកការងារផលិតរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ហើយអាជ្ញាធរក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំបន្ថែម ទៀតផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាបញ្ហាកូវីដ បានប៉ះពាល់មកដល់ពេលនេះ ឃើញថាមានការ ប្រឈមខ្លះ គឺមានរោងចក្រត្រឹមតែជាង២០ប៉ុណ្ណោះ ដែលបានសុំព្យួរការងារ ហើយមានប៉ះពាល់ដល់កម្មករការងារយ៉ាងច្រើន ក៏ប៉ុន្តែយើងនៅតែបានឃើញថា បណ្តារោងចក្រមួយចំនួនសុំថែមម៉ោងអីចឹង។ មាន ន័យថាគាត់នៅមានសមត្ថភាពផលិតកន្លែងខ្លះដែរ។ គាត់ នៅមានការបញ្ជាទិញកន្លែងខ្លះដែលគាត់មាន វត្ថុធាតុដើមគាត់ត្រូវការដើម្បីផ្គត់ផ្គង់»។

លោករៀបរាប់ថា ខេត្តព្រះសីហនុមានរោងចក្រផលិត សម្ភារៈសុខាភិបាល ហើយខេត្តក៏បានលើកទឹកចិត្ត ដើម្បីឲ្យពួកគាត់បង្កើនការផលិតបានរួមចំណែកដើម្បី ផ្តល់ឲ្យសុខមាលភាពដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុមានរោងចក្រសហគ្រាសប្រមាណជាង១៣០០រោងចក្រ។ ក្នុងនោះ រោងចក្រចំនួន ២១៧ សហគ្រាសធុនតូចនិងមធ្យមប្រមាណ១១០០កន្លែង និងមានកម្មករ ប្រមាណជាង៩៥០០នាក់ ៕