ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានបន្តអំពាវនាវឲ្យបងប្អូនកងទ័ព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តថែរក្សាសុខភាព និងការពារខ្លួនឲ្យល្អ ដើម្បីចៀសផុតពីការចម្លងមេរោគកូវីដ១៩ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៩ មិថុនានេះ សម្ដេច ទៀ បាញ់ បានមានប្រសាសន៍ «សូមបងប្អូនកងទ័ព និងប្រជាពលរដ្ឋទាំងអស់ បន្តការពារខ្លួនឱ្យបានល្អ ពីការចម្លងមេរោគកូវីដ១៩ ដោយហេតុថា យើងនៅតែបន្តរកឃើញករណីចម្លងថ្មី បើទោះជា វាមានចំនួនតិចតួចក្តី» ។
សម្ដេចក៏បានប្រាប់ឲ្យបងប្អូន ប្រជាពលរដ្ឋ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ៕