កូវីដ១៩! ៤ខែ កម្ពុជាបាត់លុយជាង ៣ពាន់លានដុល្លារ ពីវិស័យទេសចរណ៍

0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា វិបត្តិជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យកម្ពុជាបាត់បង់ ប្រាក់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក បន្ទាប់ក្នុងរយៈពេល៤ខែដើម ឆ្នាំ២០២០នេះ ចំនួនទេសចរអន្តរជាតិ ធ្លាក់ចុះក្នុងរង្វង់ប្រមាណ ៧០ភាគរយ និងភ្ញៀវទេសចរ ក្នុងស្រុកអាចធ្លាក់ចុះ ក្នុងរង្វង់ប្រមាណ៥០ភាគរយ។ នេះបើយោងតាម ក្រសួងព័ត៌មាន។

ក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្ត ដាក់ឲ្យអនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ (ជំហ៊ានទី១) សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែមិថុនា លោក ថោង ខុន បានបញ្ជាក់ថា «ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,១៦លាននាក់ ធ្លាក់ចុះក្នុងអត្រា៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩»។

លោករដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ការធ្លាក់ភ្ញៀវទេសចរនេះ បានធ្វើឲ្យដំណើរការអាជីវកម្ម ទេសចរណ៍ បិទទ្វារសរុប២.៩៥៦ទីតាំង និងការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ ចំនួនសរុប៤៥.៤០៥ នាក់ ក្នុងនោះរួមមាន៖ សណ្ឋាគារដែលបានបិទ ចំនួន៣២៤ សណ្ឋាគារ និងប៉ះពាល់បុគ្គលិកសរុប១៤.៥៥៧នាក់។ ផ្ទះសំណាក់ បានបិទចំនួន៤០៥ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន ២.០៨៧ នាក់។ ភោជនីយដ្ឋានបានបិទចំនួន ៣៨៥ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៣.៥៨៥ នាក់។ កន្លែងម៉ាស្សាត្រូវបានបិទចំនួន ៦៤៤ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៦.៧២២ នាក់។ សេវាកម្មទីភ្នាក់ងារ ទេសចរណ៍បានបិទចំនួន ៥១ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន២៥០នាក់។ មគ្គុទេ្ទសក៏ ទេសចរណ៍ដែល បានព្យួរអាជ្ញាបណ្ណ ទេសចរណ៍ចំនួន ១១៨ នាក់។ ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ដែលត្រូវបិទអាជីវកម្ម ទូទាំងប្រទេសទាំងស្រុង មានចំនួន១.១៤៧ អាជីវកម្ម និងប៉ះពាល់បុគ្គលិក បម្រើការងារ ធ្វើចំនួន១៨.២០៤ នាក់។

ទោះជាយ៉ាងនេះក្តីលោករដ្ឋមន្រ្តី បានអះអាងថា វិស័យទេសចរណ៍កម្ពុជា មានសញ្ញាណវិជ្ជមានឡើងវិញ ចាប់តាំងពីដើមខែឧសភាកន្លងទៅនេះ ដោយ ភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុង បានដើរកម្សាន្តនៅគោលដៅ ទេសចរណ៍នានា នៅក្នុងប្រទេស មានចំនួនប្រមាណ ១៥១.៤៥២ នាក់ កើនឡើង៤២,០៧ភាគរយ បើធៀបនឹងខែមេសា ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១០១.១៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២.៣០១នាក់
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បាន រៀបចំ និងដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន៦សេវាកម្ម ដែលកំពុងដំណើរការអាជីវកម្មរួមមាន៖ សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, សេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ ទេសចរណ៍ តាមរយៈការអនុវត្តវិធានការរក្សាអនាម័យ និងភាពស្អាត, រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព ជាដើម ៕