ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដាស់តឿនដល់ បងប្អូនជនរួមជាតិទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ចចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ព្រមទាំងប្រាប់ទៅអាជ្ញាធរ និងសម្ថកិច្ច ទទួលខុសត្រូវបន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី៦ មិថុនានេះថា « សុខសប្បាយជាទេ បងប្អូនជនរួមជាតិជាទីនឹករឮក? ខ្ញុំសូមរំឮកដាស់តឿន ដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ចំពោះជំងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុង ២១៦ប្រទេស នៅទូទាំងពិភពលោក» ។
សម្ដេចបន្ថែមថា កូវីដ១៩ ជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ កូវីដ១៩ បានបន្តឆ្លង និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ទោះអត្រាឆ្លងរោគកូវីដ១៩ នៅកម្ពុជាយើងមានកម្រិតទាប ហើយចំនួនអ្នកព្យាបាល បានជាសះស្បើយច្រើនមែន ក៏ប៉ុន្តែយើងមិនត្រូវបណ្តោយខ្លួន ធ្វេសប្រហែសមើលស្រាលលើជំងឺ ឆ្លងរាតត្បាតមួយនេះដាច់ខាត។ សូមដាក់តាមខ្លួនជាប់ជាប្រចាំនូវម៉ាស នឹងលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល និងចឹល។
សម្ដេចតេជោបញ្ជាក់ថា «សូមអាជ្ញាធរ និងសមត្ថកិច្ចទទួលខុសត្រូវ បន្តពិនិត្យទៅតាមភោជនីយដ្ឋាន ផ្សារតូចធំ ទីកន្លែងប្រជុំជន និងកន្លែងបណ្តុំក្រុមមនុស្សច្រើន អំពីការអនុវត្តន៍អនាម័យប្រចាំថ្ងៃ ដែលត្រូវតែមានទឹកអាល់កុល នឹងចឹលលាងដៃសម្រាប់អតិថិជន ជាពិសេសគឺនៅតាមក្លីនិកព្យាបាលជំងឺ និងមន្ទីរពេទ្យគឺត្រូវតែមានចឹល ឬទឹកអាល់កុល និងម៉ាសសម្រាប់មនុស្សចេញចូល ក្នុងមន្ទីរពេទ្យប្រើប្រាស់ ដើម្បីការពារការឆ្លងរាលដាល មេរោគពីម្នាក់ទៅម្នាក់បាន ដោយសារតែការធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន» ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏អំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ នឹងរាយការណ៍ជាបន្ទាន់មកលេខ ១១៥ ប្រសិនបើមានការសង្ស័យ ណាមួយអំពីជំងឺឆ្លងកូវីដ១៩។ ហើយត្រូវតាមដាន និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលជាប្រចាំ អំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ជាមួយគ្នានោះសម្ដេចតេជោ ក៏បានអរគុណដល់អ្នកសាព័ត៌មាន វិទ្យុ ទូរទស្សន៍ និងភ្នាក់ងារផ្សព្វផ្សាយអនឡាញ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានកូវីដ១៩ ទាន់ហេតុការណ៍ និងអំពីវិធីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេស៕