មេប៉េអឹមលើផ្ទៃប្រទេស៖ ជនល្មើសត្រូវតែ បង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋាន ជាកម្លាំង

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងចំពោះចំណាត់ ការរបស់សមត្ថកិច្ចដែលចាប់ ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណី គ្រឿងញៀន និងជំរុញឱ្យស្វែង រកអ្នកពាក់ព័ន្ធថែមទៀតចំពោះករណីនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។

យោងតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវាបានឱ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ជនល្មើសត្រូវតែ បង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋាន ជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវ តែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ ហើយបើស្រាវជ្រាវរកឃើញពាក់ព័ន្ធ នរណាដែលមានភស្តុតាងច្បាស់លាស់ ត្រូវអនុវត្តច្បាប់ចំពោះ ជននោះទាំងអស់ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណ សម្បត្តិធ្លាប់មានកុំយក មកទូទាត់ជាមួយគុណវិបត្តិដាច់ ខាតត្រូវតែបង្ក្រាប»។

ការប្រកាសបែបនេះរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងក្រោយមានករណីបង្ក្រាបករណីជួញដូរគ្រឿង ញៀន ដោយដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម កាំភ្លើង២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿង ញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមាន ជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះភា្លមៗកម្លាំង មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង ពីររូបខាងលើ។

ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយា ល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និង ទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតា កែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែកឆេរ ទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យ រកឃើញផ្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ២ ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹង គ្រឿងញៀនមួយ ចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីបញ្ជូនទៅចាត់ការ បន្ដតាមនីតិវិធី៕