កម្ពុជា ឆ្លេីយតប ៦ចំណុច ទៅឧត្ដមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស ក្រោយពី…

0

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ បានលេីកឡេីងថា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការក្លែងព័ត៌មាន ពុំមានតម្លៃស្មើនឹងសេរីភាព បញ្ចេញមតិ និងការនិយាយស្របច្បាប់ឡើយ

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី៣ ខែមិថុនា បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការចេញផ្សាយព័ត៌មាន របស់លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចុះថ្ងៃទី៣ មិថុនា ពាក់ព័ន្ធនឹងសេរីភាព នៃការបញ្ចេញមតិ នៅក្នុងបណ្តាប្រទេស អាស៊ីប៉ាស៊ីហ្វិកមួយចំនួន រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងអំឡុងវិបត្តិកូវីដ១៩។

 តំណាងកម្ពុជាបញ្ជាក់បន្ថែមថា ដោយរបាយការណ៍របស់លោកស្រីទទួលបានពីប្រភពព័ត៌មានដែលមិនមានការផ្ទៀងផ្ទាត់ និងជ្រើសរើសតែមួយជ្រុង ស្ថានបេស កកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា មានការចាំបាច់ត្រូវផ្តល់ការបំភ្លឺអំពីអង្គហេតុនិងច្បាប់ដូចតទៅ៖

. មេរោគកូវីដ១៩ គឺជាជំងឺដ៏កាចសាហាវមួយ ប៉ុន្តែព័ត៌មានក្លែងក្លាយនិងការក្លែងព័ត៌មាន ក៏កាចសាហាវមិនចាញ់ មេរោគនេះដែរ។គេមិនអាចប្រកែកបានទេថា ព័ត៌មានក្លែងក្លាយនិងការក្លែងព័ត៌មាន អាចនាំឱ្យមានការភ័យខ្លាច ការភ័យស្លន់ស្លោ ការបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម និងការបាត់បង់ទំនុកចិត្តជា សាធារណៈចំពោះខ្លួនឯង និងប្រទេសជាតិ។

.ប្រទេសកម្ពុជាផ្តល់សារៈសំខាន់ យ៉ាងខ្លាំងចំពោះការគាំទ្រ ការពារ និងលើកកម្ពស់សេរីភាពបញ្ចេញមតិ និងសារព័ត៌មាន ធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ដែលធានាពីឯករាជ្យភាព របស់សារព័ត៌មាន ដោយពុំមានការត្រួតពិនិត្យជាមុន និងសិទ្ធិរក្សាការសម្ងាត់នៃប្រភពព័ត៌មាន។ ប៉ុន្តែ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា មាត្រា២៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទិ្ធពលរដ្ឋ និងនយោបាយ បានសង្កត់ធ្ងន់ថា ការអនុវត្តសិទ្ធិត្រូវភ្ជាប់មក ជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ ដែលមានចែងក្នុងច្បាប់ ដើម្បីការពារសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុខភាព ឬសីលធម៌សាធារណៈ។

.វិធានការស្របច្បាប់ប្រឆាំងនឹង ទង្វើបំពានផ្សេងៗ ដែលមានចែងក្នុងច្បាប់ជាធរមាន គឺសំខាន់ចាំបាច់ណាស់ ដើម្បីការពារសិទ្ធិពលរដ្ឋគ្រប់រូប ឱ្យរស់រានមានជីវិត ដោយគ្មានការភ័យខ្លាច ការស្អប់ខ្ពើម និងការរើសអើង។ មតិរបស់ពលរដ្ឋដែលគោរពច្បាប់ត្រូវតែទទួលបានការយកចិត្តទុកដាក់និងកិច្ចគាំពារ។ ហេតុដូចនេះ វិធានការដាក់ចេញកន្លងមក មិនគួរត្រូវបានបកស្រាយថា ជាការបង្ក្រាបលើសេរីភាពបញ្ចេញមតិ និងសារព័ត៌មាន នោះទេ។

.ការថ្លែងសារនយោបាយ និងការធ្វើអត្ថាធិប្បាយលើកិច្ចការសាធារណៈ ដោយការជេរប្រមាថ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋការអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលដែលកើតចេញពី ការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងការផ្សព្វ​​ផ្សាយព័ត៌មានក្លែងក្លាយដោយចេតនាឬអចេតនា ពុំមានតម្លៃស្មើនឹងសេរីភាពនៃការបញ្ចេញមតិ និងការនិយាយ ស្របច្បាប់នោះទ្បើយ។បើបណ្តោយឱ្យទង្វើទាំងនោះ កើតមានទ្បើងដោយពុំបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវនោះទេ វានឹងបង្កផលវិបាកធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់នីតិរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ភ្លាមៗ និងជារៀងរហូត។

.ប្រទេសកម្ពុជាពុំអនុញ្ញាត អោយមានការចាប់ខ្លួននិងការឃុំឃាំងតាមទំនើងចិត្តឡើយ។ មន្រ្តីអនុវត្តច្បាប់រូបណាដែលប្រព្រឹត្តមិនត្រឹមត្រូវ និងបំពានច្បាប់នឹងត្រូវតែទទួលទោស។ មានឧទាហរណ៍ជាច្រើន អំពីការដាក់ទោសទណ្ឌលើមន្រ្តីប្រព្រឹត្តខុស នាពេលកន្លងមក។ នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរស្មើភាពគ្នាចំពោះមុខច្បាប់ ដោយពុំប្រកាន់និន្នាការនយោបាយ មុខងារ ឬឋានៈសង្គមដូចដែលមានចែងក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ហើយការចូលរួមជាមួយ គណបក្សប្រឆាំងពុំមែនជាសិទ្ធិសម្រាប់អោយបុគ្គលម្នាក់បំពានច្បាប់ដោយនិទណ្ឌភាព នោះទេ។

.សេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ អះអាងថា សិទ្ធិគ្រប់ប្រភេទទាំងអស់ គឺមិនអាចផ្តាច់ចេញពីគ្នា ត្រូវផ្សារភ្ជាប់គ្នាពឹងផ្អែកគ្នា និងពង្រឹងគ្នាទៅវិញទៅមក ហើយត្រូវយកមកអនុវត្តដោយយុត្តិធម៌ និងស្មើភាពគ្នា ឈរលើជំហរតែមួយ និងផ្តល់សារៈសំខាន់ដូចគ្នា។ ប៉ុន្តែ គួរឱ្យសោកស្តាយយ៉ាងខ្លាំង នៅខណៈពេលដែលមានការគំរាមកំហែងដល់សុខភាព បង្កឡើងដោយមេរោគកូវីដ១៩ ដែលតម្រូវឱ្យមាន កិច្ចសហប្រតិបត្តិការ សង្គ្រោះជីវិតសំខាន់ជាងពេលណាៗទាំងអស់ បែរជា ឧត្តមស្នងការសិទ្ធិមនុស្ស បានផ្តល់ភាពសំខាន់ លើសលុបដល់សិទ្ធិជាក់លាក់មួយជាជាងសិទ្ធិដទៃទៀត និងមិនបានរាយការណ៍ឱ្យបានពេញលេញពីកាយវិការ មនុស្សធម៌ និងមេត្តាធម៌ សាមគ្គីភាពអន្តរជាតិ និងប្រសិទ្ធភាពនៃ សេវាសុខាភិបាលរបស់កម្ពុជា ដែលបានធានានូវសិទ្ធិមានជីវិត រស់រាន និងសុខភាពរបស់អ្នកដំណើរ លើនាវាទេសចរណ៍ Westerdam ជាង២.២០០ នាក់ និងអ្នកជំងឺឆ្លងកូវីដ១៩ ចំនួន១២៥នាក់ (ទាំងពលរដ្ឋខ្មែរនិងជនបរទេស) នៅកម្ពុជា ដែលបានទទួលការ ព្យាបាលជាសះចំនួន ៩៨,% និងពុំមានអត្រាមរណៈ។

ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជា ទទូចឱ្យឧត្តមស្នងការអង្គការសហ​​ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងការិយាល័យរបស់លោកស្រីប្រចាំប្រទេសកម្ពុជា ជៀសវាងការពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូច មកធ្វើជាប្រភពព័ត៌មានតែមួយជ្រុង ប៉ុន្តែត្រូវផ្តល់តម្លៃដល់ ការទាក់ទងពិតប្រាកដ ជាមួយរដ្ឋជាសមាជិក ដើម្បីទទួលបានព័ត៌មាន ដែលមានការផ្ទៀងផ្ទាត់ច្បាស់លាស់។ វាមានក៏សារៈសំខាន់ដូចគ្នា ក្នុងការធានាកត្តាសត្យានុម័ត ការមិនរើសអើង ការមិនជ្រើសរើសតែមួយជ្រុង និងការមិនធ្វើនយោបាយភាវូបនីយកម្ម នៅពេលពិចារណានិងពិភាក្សាអំពី ស្ថានភាពសិទ្ធិមនុស្ស