រដ្ឋមន្ត្រីព័ត៌មាន៖ មានដល់ឡានទំនើបជិះហើយ មិនគួរប្រើផ្លាកលេខរដ្ឋទេ

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា មានដល់រថយន្តទំនើបៗជិះហើយ មិនគួរប្រើផ្លាកលេខរដ្ឋនោះទេ ។

ការបង្ហាញទស្សនៈរបស់ លោករដ្ឋមន្ត្រីព័ត៌មាន ក៏បានធ្វើអ្នកលេងបណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍ និងគាំទ្រ ចំពោះទស្សនៈនេះផងដែរ ។

លោករដ្ឋមន្ត្រីព័ត៌មាន បានសរសេរសារ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ មិថុនានេះថា «ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខរដ្ឋទេ!» ។

តាមរយៈខមិនគាំទ្រ លើការបង្ហាញទស្សនៈ របស់លោករដ្ឋមន្ត្រីនេះ មានអ្នកខ្លះលើកឡើងថា «បាទនេះជាទស្សនទាន មួយល្អបំផុតហើយ ខ្ញុំបាទគាំទ្រ។ ប្រហែលអ្នកជិះយល់ថា នគរបាលគឺមានអំណាចជាងឡាន និងលុយគាត់មែនហើយ។ គ្រាន់តែឡានទំនើបចឹងហើយ គេខ្លាចបាត់ហើយ» ។

មានអ្នកខ្លះទៀតលើកឡើងដែរថា «ប្រហែលជាមានហេតុផល របស់គាត់ អាចថាគាត់ស្ម័គ្រចិត្ត ប្រគល់រថយន្តនេះ មកជាសម្បត្តិរដ្ឋនៅថ្ងៃក្រោយ តាមការទាមទាររបស់រដ្ឋាភិបាល ឬមួយក៏គាត់គិតថា បើថ្ងៃក្រោយចង់ស៊ើបអង្កេត រឿងពុករលួយ របស់គាត់ គឺមិនបាច់ទេគ្មានរឿងពុករលួយឡើយ សូម្បីតែឡានគាត់ជិះ មកធ្វើការ ក៏ទំនើបណាស់ហើយ លុយម៉ាគគោក មិនបាច់ពុករលួយទេ!» ។

ក្នុងនោះដែរក៏មានអ្នកលេង បណ្ដាញសង្គមជាច្រើនទៀត បានបញ្ចេញមតិផ្សេងៗគ្នា ទៅលើបញ្ហានេះផងដែរ ៕