ភ្នំពេញ៖ កម្ពុជា-ទីម័រឡេស្តេ បានបង្ហាញគោលបំណង ស្របគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ក្នុងនោះភាគីកម្ពុជា ក៏បានជំរុញឱ្យភាគីទីម័រឡេស្តេ ពន្លឿនការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ផងដែរ ខណៈអនុស្សរណៈនេះត្រូវបានផ្ដួចផ្ដើម ជាយូរមកហើយ តែមិនទាន់បានចុះហត្ថលេខា។ នេះបើយោងតាម ក្រសួងទេសចរណ៍។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ លោក Ermeneglido Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ប្រចាំកម្ពុជា បានបញ្ជាក់ថា «ប្រជាជនទីម័រ ច្រើនណាស់ ដែលមានគម្រោង មកលេងផ្ទះ មិត្តកម្ពុជា ព្រោះកម្ពុជាបានគាំទ្រ ប្រទេសពួកគេឱ្យទទួល បានឯករាជ្យ និងតែងតែគាំទ្រឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១ របស់អាស៊ាន ប៉ុន្តែដោយសារ កើតវិបត្តិកូវីដនេះមក ពួកគេក៏រំសាយ គម្រោងសិនទៅ។ នៅពេលចប់វិបត្តិកូវីដ ទូទាំងពិភពលោកហើយ ប្រហែលនឹងមានប្រជាជន ទីម័រមកទស្សនា កម្ពុជាច្រើន។ ដូច្នេះហើយបានជាស្ថានទូតទីម័រឡេស្តេ ចង់ឱ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ជាមួយមិត្តកម្ពុជាឱ្យកាន់តែទូលំទូលាយ។»
ជាការឆ្លើយតប លោក ថោង ខុន បានបង្ហាញការស្វាគមន៍ ចំពោះសំណើរបស់លោកឯកអគ្គរដ្ឋទូត Kupa ពីព្រោះប្រការនេះ ក៏ស្របទៅនឹងគំនិត របស់លោករដ្ឋមន្រ្តីដែរ ដែលតែងតែចង់ពង្រីក កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃ ឱ្យបានកាន់តែច្រើន និងកាន់តែរឹងមាំ តួយ៉ាងកម្ពុជា-ទីម័រឡេស្ដេ មុននិងក្រោយ ក៏គង់តែក្លាយជាបងប្អូន រួមតំបន់តែមួយ។
ចំពោះបំណងប្រាថ្នា របស់ប្រជាជនមិត្តទីម័រ ដែលចង់មកទស្សនាកម្សាន្ត នៅប្រទេសកម្ពុជា ក៏លោក ថោង ខុន បង្ហាញការស្វាគមន៍យ៉ាងពេញចិត្ត ខណៈកម្ពុជាបាននិងកំពុងខិតខំរៀបចំ ឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួល ការវិលត្រលប់ របស់ភ្ញៀវទេសចរអន្តរជាតិ នៅពេលក្រោយចប់វិបត្តិកូវីដ នៅទូទាំងពិភពលោក ដល់ពេលនោះកម្ពុជានឹង រង់ចាំស្វាគមន៍មិត្ត ទីម័រ ប្រកបដោយភាពកក់ក្ដៅ។
ជាមួយគ្នានោះ លោក ថោង ខុន ក៏បានស្នើរដ្ឋាភិបាលទីម័រឡេស្តេ តាមរយៈលោកឯកអគ្គរដ្ឋទូត Kupa សូមឱ្យភាគីទីម័រឡេស្តេ ពន្លឿនការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាង កម្ពុជា-ទីម័រឡេស្តេ ដែលបានផ្ដួចផ្ដើម ធ្វើជាច្រើនយូរមកហើយ សំដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ កាន់តែជិតស្និទ្ធបន្ថែមទៀត។ សំណើនេះត្រូវបានលោក Kupa ទទួលយកភ្លាមៗ ដើម្បីរាយការណ៍ ជូនរដ្ឋាភិបាលរបស់ខ្លួនបន្ត៕