មិនគួរឲ្យជឿ! ត្រឹមរូបថតមួយសន្លឹកសោះ អាចធ្វើឲ្យទូរស័ព្ទប្រើប្រព័ន្ធ Android គាំងបាន

0

ភ្នំពេញ៖ កន្លងៗមកនេះ លោកអ្នកប្រហែលជាបានដឹងហើយថា ទូរស័ព្ទ iPhone នឹងគាំងភ្លាមៗនៅ ពេលទទួលសារជាអក្សរ ឬជានិមិត្តសញ្ញាផ្សេងៗ ដែលមានដូចជា រូបសញ្ញាទង់ជាតិអ៊ីតាលី និងការផ្ញើសារជាភាសាអារ៉ាប់ ជាដើម។ នេះបើយោងតាមហ្វេសប៊ុក នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា ។

ឥឡូវនេះក៏ស្រាប់តែមានបញ្ហា ដែលអាចធ្វើឱ្យទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ជាពិសេសទូរស័ព្ទ Samsung គាំងបានដែរ នៅពេលដែលអ្នកប្រើប្រាស់ យករូបភាពមួយចំនួនមកធ្វើជា wallpaper នោះ។

ការគាំងនេះធ្វើឱ្យទូរស័ព្ទ ជាប់នៅក្នុងភាពបិទបើក Lock Screen ដែលគេហៅថា Soft-Bricking។ Soft-Bricking គឺជាបញ្ហាតូចតាចទេ ហើយក៏មិនជាបញ្ហាអ្វីធំនោះដែរ ប្រសិនបើលោកអ្នកមាន ចំណេះដឹងផ្នែកបច្ចេកទេស លោកអ្នកអាចចូលលុប រូបភាពចោលតាមរយៈ safe mode ឬប្រើ bootloader ដើម្បី reset ទូរសព្ទឡើងវិញបាន ក៏ប៉ុន្តែ បើលោកអ្នកគ្រាន់តែបិទហើយ បើកទូរសព្ទវិញធម្មតានោះ (Restart) នឹងពុំអាចកែតម្រូវបញ្ហានេះបានទេ។

បើតាមប្រភពពីអ្នកតាមដានទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បានឱ្យដឹងថា នេះអាចជាបញ្ហាមេរោគ malware ឬនេះកើតមានឡើងដោយសារ រូបភាពនេះប្រើគំរូពណ៌ RGB ប៉ុន្តែ Android វិញ ប្រើគំរូពណ៌ sRGB។ ម្យ៉ាងវិញទៀត ប្រព័ន្ធប្រតិបត្តិការ Android 10 ពុំបានធ្វើការផ្លាស់ប្ដូរលើ ប្រភេទគំរូពណ៌នេះទេ ដែលជាហេតុធ្វើឱ្យមានបញ្ហាបែបនេះ។ ប្រសិនបើលោកអ្នកប្រើទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android 10 ឬទាបជាងនេះ លោកអ្នកគួរតែជៀសវាងយករូបភាព ដែលពុំមានប្រភពច្បាស់លាស់មកធ្វើជា wallpaper ជាពិសេសរូបភាពដែលបាន បង្ហាញខាងក្រោម ព្រោះជនខិលខូចអាចប្រើកំហុសឆ្គងនេះ ដើម្បីធ្វើឱ្យលោកអ្នកឈឺក្បាលបាន៕