ប្រមុខរាជរដ្ឋាភិបាល ប្រកាសរឹបអូសយកដី ឆ្នេរសមុទ្រជាសម្បត្តិរដ្ឋ ដែលរងការរំលោភបំពាន មកវិញទាំងអស់ (Video)

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរឹបថា ដីតំបន់ឆ្នេរដែលមានប្រវែង១១០ម៉ែត្រ ពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ និងវិស័យទេសចរណ៍។

ក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ មិថុនានេះ សម្ដេចតេជោ ក៏បានព្រមានចាត់វិធានការអ្នកដែលរំលោភដីឆ្នេរ បើទោះបីមានប្លង់ហេីយ។

សម្ដេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល អាចលុបចោលប្លង់ដីទាំងឡាយណា ដែលកាន់កាប់ឆ្នេរខុសច្បាប់ នៅខេត្តព្រះសីហនុ មិនថាអ្នកមានអំណាច ឬអ្នកធំ ឬក៏អ្នកកម្រិតណានោះទេ។

សម្ដេចតេជោ ថ្លែងយ៉ាងដូច្នេះថា “មុននេះយើងមិនអាចតភ្ជាប់រវាងឆ្នេរអូត្រះ និងឆ្នេរអូលឈឺទាល បានទេ ដោយសារតែការកាន់កាប់ខុសច្បាប់ទៅលេីដីធ្លីតាមចំណីឆ្នេរ ប៉ុន្តែខ្ញុំសូមបញ្ជាក់ ខ្ញុំបានជួយជាមួយម្ចាស់ដីមួយកន្លែង ហើយខ្ញុំក៏បានអរគុណគាត់ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ប៉ុន្តែបើមិនសហការក៏ខ្ញុំយកដែរ ព្រោះនេះជាផលប្រយោជន៍សាធារណៈដែលតម្រូវឲ្យធ្វើយ៉ាងដូច្នេះ ព្រោះគេមិនដែលទៅយកដីភ្នំ ទៅយកដីមាត់សមុទ្រ ហើយទៅកាន់កាប់ឆ្នេរនៅក្នុងសមុទ្រទៅទៀត វាមិនដែលមានទេ ហើយអីលូវនេះខ្ញុំត្រូវ ធ្វើព្រោះទាំងនេះគឺជាដីរបស់រដ្ឋ រដ្ឋត្រូវយកវិញ រឿងយើងចេញប្លង់ឲ្យគេបានលុបចោលក៏បានដែរ អត់មានបញ្ហាអីទេ ជួនកាលមានការទើសទាល់ របស់អ្នកនេះ របស់អ្នកនោះមកតម្រូវសុំឱ្យគ្នាធ្វើប្លង់ឲ្យ ចឹងគ្នាចេះតែស៊ីញ៉េទៅ តែនាយករដ្ឋមន្ត្រីអត់បានដឹងទេ បើនាយករដ្ឋមន្ត្រីដឹង គឺលើកយោបល់មក ដឹងតែមោឃភាពចោលទៅលើដីណាដែលជាចំណែកដីរបស់រដ្ឋ ក្នុងអនុក្រឹត្យរបស់យើងគឺកំណត់ ១១០ម៉ែត្រចែងងយើងត្រូវធ្វើកិច្ចការងារនេះ” ៕