ផ្លូវទាំង ៣៤ខ្សែ នៅក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៩០% និងចំណាយអស់ប្រមាណ ៣០០លានដុល្លារ

0

ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុង និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ពេលនេះសម្រេច ការសាងសង់បានប្រមាណ ៩០% ហើយ ខណៈចំណាយថវិកាជាតិអស់ប្រមាណ ៣០០លានដុល្លារ ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ។

នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យលទ្ធផលដំបូង នៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រ ក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ ។

សម្តេចតេជោ បានធ្វើដំណើរចេញពី អាកាសយានដ្ឋានអន្តរជាតិកងកេង នៃខេត្តព្រះសីហនុ ឆ្ពោះមកកាន់សមុទ្ររាម ដោយឆ្លងកាត់ឆ្នេរសមុទ្រ និងជ្រលងភ្នំជាច្រើនកន្លែង និងបន្តមកឆ្នេរអូត្រេស ឆ្នេរអូឈើទាល ដែលជាផ្លូវក្រវាត់ក្រុងនៃក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ដែលពេលនេះបានសម្រេចការសាងសង់ប្រមាណ ៩០% ហើយ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាព ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលបានកំណត់ផែនការ ក្នុងការរៀបចំប្លង់គោល ប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗ បន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ ៕