ភ្នំពេញ៖ ដោយសង្កេតឃើញថា សកម្មភាពកៀរគរ ថវិកាបរិច្ចាគ នៅតាមដងផ្លូវរបស់បុគ្គល និងក្រុមមួយចំនួន ដែលមិនមានការអនុញ្ញាត ពីមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែកើតមាន លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានធ្វើការផ្សព្វផ្សាយឡើងវិញ នូវសេចក្ដីសម្រេច ស្ដីពីក្រមសីលធម៌សម្រាប់បុគ្គលកៀរគរ និងប្រមូល ឬទទួលវិភាគទានបរិច្ចាគសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលកំណត់អំពីយន្តការ និងវិធានការ ចំពោះបុគ្គលកៀរគរ និងប្រមូលអំណោយ ឬបុគ្គលទទួលវិភាគទានសប្បុរសធម៌ទាំងនោះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់បុគ្គល ឬក្រុមបុគ្គលទាំងអស់ ដែលមានបំណងចូលរួមកៀរគរ មូលនិធិសប្បុរសធម៌ សូមធ្វើការទំនាក់ទំនងមកលេខាធិការដ្ឋានរបស់មូលនិធិ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងទទួលបានសម្បទា ក្នុងការកៀរគរនូវមូលនិធិសប្បុរសធម៌ ដើម្បីគាំទ្រដល់កិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានោះមូលនិធិគន្ធបុប្ផាកម្ពុជា បញ្ជាក់ថា «ករណីបុគ្គលទទួលបានការ អនុញ្ញាតឲ្យធ្វើសកម្មភាព ឬយុទ្ធនាការកៀរគរអំណោយ និងប្រមូល ឬការទទួលវិភាគទាន ដែលប្រព្រឹត្តផ្ទុយ នឹងខ្លឹមសារនៃក្រមសីលធម៌នេះ ម.គ.ក មានសិទ្ធិដកហូតលិខិតអនុញ្ញាត ដែលបានផ្ដល់ជូន និងចាត់វិធានការអនុលោមតាមបទប្បញ្ញត្តិ ជាធរមាននោះ» ។
លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ មូលនិធិគន្ធបុប្ផាកម្ពុជា មិនទាន់បានអនុញ្ញាតជាផ្លូវការដល់បុគ្គល ឬក្រុមណាមួយ ដែលមានបំណងចូលរួមកៀរគរ នូវមូលនិធិសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា នៅឡើយទេ ក្រៅពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧ ដែលជាដៃគូរ ។
ខាងក្រោមនេះជាខ្លឹមសារលំអិត នៃសេចក្ដីសម្រេចស្ដីពីក្រមសីលធម៌ សម្រាប់បុគ្គលកៀរគរ និងប្រមូល ឬទទួលវិភាគទានបរិច្ចាគសប្បុរសធម៌ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា៖