WB អនុម័តថវិកា ១៥លានដុល្លារ ជួយបណ្តុះបណ្តាល គ្រូពេទ្យមុនចូលបម្រើការងារ នៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ នៃធនាគាពិភពលោក (WB) នៅថ្ងៃទី៣០ ឧសភានេះ បានអនុម័តកញ្ចប់ថវិកា ១៥លានដុល្លារ ដែលជាឥណទានពី សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាល គ្រូពេទ្យមុនពេលចូលបម្រើការងារ ដើម្បីជួយកម្ពុជា ក្នុងការពង្រឹងការបំប៉នជំនាញ ដល់គ្រូពេទ្យមុនចូលបម្រើការងារ ក្នុងគោលដៅឈានទៅកែលម្អ គុណភាពសេវាថែទាំសុខភាព ឲ្យទទួលបានលទ្ធផល កាន់តែប្រសើរឡើង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក បានឲ្យដឹងថា ប្រទេសកម្ពុជានៅជួបការខ្វះខាត គ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេសនៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមានវេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកា និងឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់មនុស្ស ១០.០០០នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែន ធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និងគិលានុបដ្ឋាយិកា ១៩នាក់ សម្រាប់មនុស្ស ១០.០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេស មានចំណូលទាប និងមធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការ នៅតាមអគារព្យាបាលជំងឺ កម្រិតទីពីរ (មធ្យម) និងកម្រិតទីបី (ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកា និងឆ្មប ជាអ្នកមើលថែទាំជំងឺ។ ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅ បម្រើការងារនៅតាមមន្ទីរពេទ្យខេត្ត (មាន ៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើន លើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មានដល់ទៅ ៧៩ភាគរយ)។

ដើម្បីជួយកម្ពុជាដោះស្រាយ បញ្ហាប្រឈមទាំងនេះ គម្រោងនឹងជួយនាយកដ្ឋានអភិវឌ្ឍន៍ ធនធានមនុស្សនៃក្រសួងសុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ច ការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះ មានការពង្រឹងបទប្បញ្ញត្តិ និងការធ្វើស្តង់ដានីយកម្ម សម្រាប់ការអប់រំបណ្តុះ បណ្តាលគ្រូពេទ្យ ការប្រលងសមត្ថភាពពេទ្យ បញ្ចប់ការសិក្សាថ្នាក់ជាតិ និងការផ្តល់ជំនួយ បច្ចេកទេស និងការដោះដូរចំណេះដឹងបទពិសោធន៍ ស្តីពី ការអប់រំគ្រូពេទ្យជំនាញ។

គម្រោងនេះនឹងជួយផងដែរ ដល់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាល ផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ នៅក្នុងកម្មវិធីគ្រូពេទ្យជំនាញចំនួន៦ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះ ត្រូវបានកំណត់ជាអាទិភាព នៅក្នុងយុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើង កាលពីពេលថ្មីៗនេះ សម្រាប់ការអប់រំបណ្តុះបណ្តាល មុនចូលបម្រើការងារ នៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពបរិយាបន្នសង្គម នឹងត្រូវបានបញ្ជ្រាបចូលទៅក្នុងការអភវិឌ្ឍរៀបចំ និងក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាល ផ្អែកលើសមត្ថភាពទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារ ពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ការវិនិយោគទៅលើការកសាង សមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈ ការបំប៉ន ពួកគេឲ្យទទួលបានចំណេះដឹង និងជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមាន គ្រោះបន្ទាន់ ដូចជា ការផ្ទុះជំងឺកូវីដ-១៩ និងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល គឺមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធផ្តល់សេវាសុខាភិបាល នៃប្រទេសកម្ពុជា»។

លោកស្រីបន្ដទៀតថា «ធនាគារពិភពលោក ប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា ពិសេស សម្រាប់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត» ៕