ទាំងនេះជាហេតុផល ដែលបញ្ជាក់ថា ការចាយប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឲ្យកម្ពុជាចំណេញច្រើន

0

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) លោក ហុង សុហួរ បានបង្ហាញពីហេតុផលសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់បានថា ការចាយវាយប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឲ្យប្រទេសកម្ពុជា ចំណេញច្រើន ។

លោក ហុង សុហួរ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ឧសភាថា ហេតុផលទាំងអស់នេះ អាចបញ្ជាក់ថា ការប្រើប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឱ្យកម្ពុជា ចំណេញច្រើនណាស់៖

១.យើងយក មាស ឬក៏ទំនិញ ឬក៏សេវានានា ទៅលក់នៅបរទេស ដើម្បីទទួលបានក្រដាសប្រាក់ដុល្លារ ដែលមានតម្លៃផលិតត្រឹមតែ ប៉ុន្មានសេនប៉ុណ្ណោះក្នុងមួយសន្លឹក។ ដូច្នេះបើយើងប្រើប្រាស់ ក្រដាស់ប្រាក់ដុល្លារកាន់តែតិច គឺកម្ពុជាខាតកាន់តែតិច។

២.នៅកម្ពុជា មានសាច់ប្រាក់ដុល្លារ ចរាចរច្រើនលើសលប់ ដែលសាច់ប្រាក់នេះ អត់បានផ្ដល់ជាការប្រាក់ ឬប្រាក់ចំណេញ ដល់កម្ពុជាទេ។ បើយើងប្រើប្រាស់ប្រាក់រៀលទាំងស្រុងវិញនោះ យើងនឹងនៅសល់ប្រាក់ដុល្លាររាប់ពាន់លាន$ សម្រាប់សន្សំយកការប្រាក់ ឬវិនិយោគ ឬប្រើប្រាស់ឲ្យមានប្រយោជន៍ ជាងប្រើជាមធ្យោបាយទូទាត់។

៣.ការប្រើប្រាក់រៀលជាទូទៅ អនុញ្ញាតឲ្យធនាគារកណ្ដាល (ធនាគារជាតិនៃកម្ពុជា) អាចប្រើប្រាស់នយោបាយរូបិយវត្ថុ ដើម្បីជះឥទ្ធិពលលើអត្រាការប្រាក់នៅលើទីផ្សារ និងជំរុញ ឬគ្រប់គ្រងសេដ្ឋកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព។ ជាឧទាហរណ៍ រដ្ឋាភិបាលតែចង់បន្ទាបអត្រាការប្រាក់ទីផ្សារ ឬបង្កើនបរិមាណសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច នៅពេលចង់ជំរុញសេដ្ឋកិច្ច។

៤.ប្រាក់រៀល មានស្ថិរភាពជាង រូបិយបណ្ណភាគច្រើន នៅលើពិភពលោក ពីព្រោះ អត្រាប្ដូរប្រាក់ជាមធ្យម គឺ ៤០៥០៛ ក្នុង ១$ ហើយប្រែប្រួលមិនដល់ ២% ផង រៀងរាល់ឆ្នាំ ក្នុងរយៈពេលជាង ២០ឆ្នាំ ចុងក្រោយ។ ដូច្នេះ ប្រាក់រៀល អាចធានាបាននូវអំណាចទិញ និងមិនបង្កនូវចំណាយប្ដូរប្រាក់ បើយើងប្រើប្រាស់ប្រាក់រៀលជាទូទៅនោះ។

៥.ការដែលមានរូបិយបណ្ណជាតិ ដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ គឺជាមោទនភាពជាតិមួយ សម្រាប់ រដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា។

ដោយឡែកពាក់ព័ន្ធ នឹងការប្រកាសរបស់ ធនាគារជាតិនៃកម្ពុជាថា ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គួរត្រូវជំនួស ដោយប្រាក់រៀលវិញនោះ លោកអគ្គនាយកក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា ក៏បានប្រកាសគាំទ្រចំពោះការ កាត់បន្ថយចរាចរប្រាក់ដុល្លារ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រដាសតូចៗបែបនេះ (១$ ២$ និង៥$) ។

សូមរំលឹកថា កាលពីម្សិលមិញធនាគារជាតិនៃកម្ពុជា បានស្រាយចម្ងល់ របស់បងប្អូនប្រជាពលរដ្ឋ ដោយប្រកាសថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែអាចចាយវាយ នៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។ ជាមួយគ្នានោះធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចទុកពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា ៕