ប្រយ័ត្ន!​ សូមកុំសាកល្បង ព្យាបាលអ្នកជំងឺគ្រុនក្តៅ ខ្លាំងភ្លាមៗដោយខ្លួនឯង

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានដាក់ចេញវិធានការ៨ចំណុច ការពារនិងទប់ស្កាត់ ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០ ក្នុងនោះក្រសួងណែនាំ កុំឲ្យប្រជាពលរដ្ឋសាកល្បង ព្យាបាលអ្នកជំងឺគ្រុនក្តៅ ខ្លាំងភ្លាមៗដោយខ្លួនឯង ត្រូវប្រញាប់នាំ អ្នកជំងឺទៅរក សេវាពិនិត្យជាបន្ទាន់មិនឲ្យយឺត ជាង៧២ម៉ោង បន្ទាប់ពីក្ដៅខ្លួន។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាលត្រង់វិធានការទី៥បាន បញ្ជាក់ថាករណី មានរោគសញ្ញាក្តៅខ្លួនខ្លាំងក្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺ ទៅរកសេវាពិនិត្យ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់មិនឲ្យយឺតជាង៧២ម៉ោង បន្ទាប់ពីក្ដៅខ្លួន) ហើយសូមកុំសាកល្បង ព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវា ឯកជនដែលគ្មានសមត្ថភាព ផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ ជំងឺគ្រុនឈាម អាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេល ប្រសិនបើមិនបានទៅទទួលការព្យាបាលនូវ សេវាសាធារណៈដែលមានការបណ្តុះបណ្តាល ត្រឹមត្រូវ ឲ្យបានទាន់ពេលវេលា ឬក៏សាកល្បងព្យាបាលនូវសេវាឯកជន ដែលមិនមានចំណេះជំនាញខាងជំងឺគ្រុនឈាម ឬបើអ្នកជំងឺមានការប្រើប្រាស់ប្រភេទថ្នាំអាស្ពីរីន

ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តី ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានណែនាំទៅកាន់ គ្រប់មន្ទីរសុខាភិបាល រាជធានីខេត្តទាំង២៥ ត្រូវបន្តផ្តល់ ការបណ្តុះបណ្តាលដល់ គ្រូពេទ្យព្យាបាល ទាំងសេវារដ្ឋ និងសេវាឯកជន អំពីរបៀបធ្វើរោគវិនិច្ឆ័យ ព្យាបាលថែទាំអ្នកជំងឺគ្រុនឈាម មុន និងអំឡុងរដូវភ្លៀង។ សម្រាប់សេវាឯកជន ដែលមិនមានចំណេះជំនាញ សម្ភារ និងឧបករណ៍ត្រឹមត្រូវសម្រាប់ធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំជំងឺគ្រុនឈាម គឺក្រសួងសុខាភិបាល មិនអនុញ្ញាតឲ្យទទួលការ ព្យាបាល ជំងឺគ្រុនឈាម នេះឡើយ ហើយត្រូវតែបញ្ជូន ជាបន្ទាន់មកមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត៕